ប្រមុខសិទ្ធិមនុស្ស UN ស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក-អ៊ីរ៉ង់ និងអំពាវនាវឱ្យគ្រប់ភាគីរក្សាភាពអត់ធ្មត់
15-06-2026 20:18
(ហ្សឺណែវ)៖ ប្រធានសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក វ៉លកឺ ធើក (Volker Turk) នៅថ្ងៃចន្ទ បានសម្តែងការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ និងបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អនុវត្តកិច្ចព្រមព្រៀងនេះដោយស្មោះត្រង់ និងរក្សាភាពអត់ធ្មត់ឱ្យបានខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទន្ទឹមនឹងនេះ លោក ធើក ក៏បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ជនស៊ីវិលនៅលីបង់ និងការវាយបកពីក្រុមហេសបូឡាផងដែរ។ លោកបានទាមទារឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ និងទាមទារឱ្យអ៊ីស្រាអែលដកទ័ពចេញពីលីបង់ ព្រមទាំងជំរុញឱ្យមានការស៊ើបអង្កេតលើការរំលោភច្បាប់អន្តរជាតិពីសំណាក់គ្រប់ភាគីទាំងអស់។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបឋមនេះ ដែលបានធ្វើឱ្យតម្លៃប្រេងសកលធ្លាក់ចុះ គឺផ្តោតលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការបើកច្រកសមុទ្រហ័រមូសឡើងវិញ បើទោះបីជាបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវទុកសម្រាប់ការចរចានៅពេលក្រោយក្តី។ នេះគឺជាការបោះជំហានដ៏ធំបំផុតឆ្ពោះទៅរកការបញ្ចប់ជម្លោះ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីខែកុម្ភៈ៕
