FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្តាមេដឹកនាំ G7 ជួបគ្នានៅបារាំង ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច ក្រោយអាមេរិកនិងអ៉ីរ៉ង់ប្រកាសកិច្ចព្រមព្រៀង (Video inside)

15-06-2026 16:38

(EVIAN-LES-BAINS, ប៉ារីស)៖ មេដឹកនាំនៃក្រុមប្រទេស​ G7 នឹងជួបប្រជុំគ្នានៅឯតំបន់រមណីយដ្ឋានមាត់បឹងរបស់ប្រទេសបារាំង ចាប់ពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ប្រកាសពីការឈានដល់កិច្ចព្រមព្រៀង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការពិភាក្សាអំពីជំហានបន្ទាប់លើអ៉ីរ៉ង់ នឹងជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលបណ្តាមេដឹកនាំត្រូវពិភាក្សា​ អំឡុងកិច្ចប្រជុំកំពូលដែលបន្តដល់ថ្ងៃទី១៧ ខែមិថុនា ជាមួយការស្វែងរកចំណុចរួមស្តីពីសង្គ្រាមនៅអ៊ុយក្រែន ដោះស្រាយអតុល្យភាពសេដ្ឋកិច្ចពិភពលោក ក៏ដូចជាបញ្ហាប្រភពផ្គត់ផ្គង់រ៉ែសំខាន់ៗក្រៅពីចិន។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទៅដល់ទីក្រុង Evian-les-Bains នាថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ចំពេលដែលមេដឹកនាំពិភពលោក មានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងចំពោះសហរដ្ឋអាមេរិក។

ភាគច្រេីននៃមេដឹកនាំ G7 បានរងផលប៉ះពាល់ដោយផ្ទាល់ពីគោលជំហរប្រែប្រួលរបស់លោក ត្រាំ នៅលើឆាកពិភពលោក ដែលបានធ្វើឱ្យមជ្ឈិមបូព៌ា ពាណិជ្ជកម្មសកល និងការទូតចលាចល។ សកម្មភាពរបស់លោកក៏បាននាំឱ្យមានសំណួរធំៗអំពីសហរដ្ឋអាមេរិក តួយ៉ាងការប្តេជ្ញាចិត្តចំពោះសណ្តាប់ធ្នាប់សកលក្រោយសង្គ្រាម។

ប្រធានាធិបតីបារាំង Emmanuel Macron ដែលប្រទេសរបស់លោកជាប្រធានប្តូរវេន G7 ឆ្នាំនេះ បានស្វះស្វែងរក ការជំរុញឱ្យមានសកម្មភាពលើ អតុល្យភាពម៉ាក្រូសេដ្ឋកិច្ចសកល ដែលជាការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកជាយូរមក មុនពេលទីក្រុងវ៉ាស៉ីនតោន ធ្វើជាប្រធាន G20 នៅឆ្នាំនេះ និង G7 នៅឆ្នាំបន្ទាប់។ ប្រេស៉ីល ឥណ្ឌា កេនយ៉ា និងកូរ៉េខាងត្បូង ត្រូវបានអញ្ជើញឱ្យចូលរួមក្នុង G7 ដើម្បីចូលរួមកិច្ចពិភាក្សា៕