FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ រិះគន់ខ្លាំងៗចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងបេរូត និងទាមទារឱ្យបញ្ឈប់រាល់ការវាយប្រហារនៅទូទាំងប្រទេសលីបង់

14-06-2026 23:05

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត (Beirut) ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់រាល់ប្រតិបត្តិការយោធានៅទូទាំងប្រទេសនេះជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសង្កត់ធ្ងន់ថា ការវាយប្រហារនេះមិនគួរកើតឡើងទាល់តែសោះ ស្របពេលដែលសហរដ្ឋអាមេរិកកំពុងខិតជិតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់។ លោកបានចាត់ទុកការវាយបករបស់អ៊ីស្រាអែលចំពោះការវាយប្រហារតូចតាចពីក្រុមហេសបូឡា (ដែលគ្មានអ្នករងរបួស) ថាជាប្រតិកម្មហួសហេតុ ដែលមិនគួរមកបំផ្លាញដំណើរការសន្តិភាពនេះឡើយ។

ទន្ទឹមគ្នានេះ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា មិនត្រូវមានការវាយប្រហារពីអ៊ីស្រាអែលទៅលើទីតាំងណាមួយក្នុងប្រទេសលីបង់ទៀតទេ ហើយក៏មិនត្រូវមានការវាយប្រហារពីហេសបូឡាមកលើអ៊ីស្រាអែលវិញដែរ។

គួរបញ្ជាក់ថា ការព្រមាននេះធ្វើឡើងបន្ទាប់ពីមន្ត្រីអ៊ីស្រាអែលបង្ហើបថា ពួកគេនឹងមិនវាយប្រហាររដ្ឋធានីបេរូតមែន តែនឹងបន្តវាយលុកនៅភាគខាងត្បូងលីបង់។ លោក ត្រាំ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងសន្តិភាពនេះនឹងត្រូវគ្របដណ្តប់លើប្រទេសលីបង់ទាំងមូល ដោយលោកបានអំពាវនាវថា «នេះអាចជាការចាប់ផ្តើមនៃសន្តិភាពដ៏ស្រស់បំព្រង និងយូរអង្វែង។ សូមកុំបំផ្លាញវាឱ្យសោះ!»៕