អ៉ីស្រាអែលបើកការវាយប្រហារលើហេសបូឡានៅជាយរដ្ឋធានីបេរូត សម្លាប់មនុស្ស ៣នាក់ ខណៈកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ជិតលេចចេញជារូបរាង (Video inside)
14-06-2026 21:59
(បេរូត)៖ អ៉ីស្រាអែល នៅថ្ងៃអាទិត្យ បានបើកការវាយប្រហារតាមអាកាសទៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ប្រទេសលីបង់ ដែលបណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត និង ៦នាក់រងរបួស។ អ៉ីស្រាអែលអះអាងថា នេះគឺជាការវាយបកទៅនឹងការបាញ់ប្រហាររបស់ក្រុមហេសបូឡា ខណៈដែលយោធារបស់ខ្លួនក៏បានពង្រីកការវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការវាយប្រហារនេះ កើតឡើងស្របពេលដែលមានការរំពឹងទុកថា កិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងខិតជិតលេចចេញជារូបរាង។ ទោះជាយ៉ាងណា ប្រធានក្រុមអ្នកចរចាអ៊ីរ៉ង់ បានព្រមានថា វា «គ្មានន័យ» ទៀតទេក្នុងការបន្តការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានការវាយប្រហារនេះ ដោយទីក្រុងតេហេរ៉ង់ទទូចដាច់ខាតថា បទឈប់បាញ់នៅលីបង់ត្រូវតែស្ថិតក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ ការវាយប្រហារនេះបានកំណត់គោលដៅលើអគារស្នាក់នៅមួយកន្លែង ដែលជាតំបន់រឹងមាំរបស់ក្រុមហេសបូឡា។ កន្លងមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ធ្លាប់បានព្រមានថា នឹងវាយប្រហារតំបន់នេះ ប្រសិនបើក្រុមហេសបូឡាហ៊ានវាយប្រហារសហគមន៍នៅភាគខាងជើងអ៊ីស្រាអែល។
ដោយឡែក យោធាអ៊ីស្រាអែលបានចោទប្រកាន់ថា ដ្រូនរបស់ហេសបូឡាចំនួន ៣គ្រឿង បានវាយប្រហារមកលើភាគខាងជើងអ៊ីស្រាអែលមុន ទោះបីជាមិនមានអ្នករងរបួសក្តី ខណៈដែលក្រុមហេសបូឡាអះអាងថាខ្លួនបានវាយប្រហារតែកងទ័ពអ៊ីស្រាអែលដែលបានចូលឈ្លានពាននៅភាគខាងត្បូងប្រទេសលីបង់តែប៉ុណ្ណោះ៕
