បញ្ចប់ភារកិច្ច ឧត្តមសេនីយ៍ត្រី អាន ប៊ុនទិ ពីអនុប្រធានគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទតាមដងទន្លេសាប
14-06-2026 14:09
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក បានសម្រេចបញ្ចប់ភារកិច្ច ឧត្តមសេនីយ៍ត្រី អាន ប៊ុនទិ ពីអនុប្រធានគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទតាមដងទន្លេសាបនៅខេត្តកំពង់ធំ, សៀមរាប, បាត់ដំបង, ពោធិ៍សាត់ និងកំពង់ឆ្នាំង។ នេះបើតាមសេចក្តីសម្រេចរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។
លោកឧត្តមសេនីយ៍ត្រី អាន ប៊ុនទិ ជាមេបញ្ជាការរងយោធភូមិភាគទី៤ ត្រូវបានតែងតាំងជាអនុប្រធាននៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅទន្លេសាប កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។
តាមសេចក្តីរាយការណ៍, ពេលចុះបង្ក្រាបបទល្មើសនេសាទនាពេលកន្លងទៅ លោកឧត្តមសេនីយ៍ត្រី អាន ប៊ុនទិ សង្ស័យជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយឈ្មួញនេសាទ និងការងារមិនប្រក្រតីមួយចំនួន ទើបត្រូវបានបញ្ចប់ភារកិច្ចតែម្តង។


