កូរ៉េខាងជើង ថ្កោលទោសការអនុម័តការលក់មីស៊ីលរបស់សហរដ្ឋអាមេរិក ទៅឱ្យកូរ៉េខាងត្បូង (Video inside)
13-06-2026 10:25
(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើងបានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការអនុម័តការលក់គ្រាប់មីស៊ីល និងបរិក្ខារពាក់ព័ន្ធទៅឱ្យកូរ៉េខាងត្បូង ដោយព្រមានថា ការធ្វើបែបនេះនឹងបង្កើនភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកទទួលបន្ទុកគោលនយោបាយការបរទេស នៃក្រសួងការបរទេសកូរ៉េខាងជើង បានគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បាននិងកំពុងត្រូវបានពង្រឹងជាលំដាប់បើទោះជាមានការព្រួយបារម្ភពីអន្តរជាតិចំពោះការកើនឡើងភាពតានតឹងនៅក្នុង និងជុំវិញឧបទ្វីបកូរ៉េក៏ដោយ។
មន្ត្រីរូបនេះដដែលបានលើកយកការអនុម័តរបស់ក្រសួងការបរទេសអាមេរិកលើការលក់គ្រាប់មីស៊ីល និងបរិក្ខារពាក់ព័ន្ធមានតម្លៃជិត ៣០០លានដុល្លារទៅឱ្យកូរ៉េខាងត្បូង គឺជាភស្តុតាងចុងក្រោយបំផុតនៃមូលហេតុនៅពីក្រោយការកើនឡើងភាពតានតឹង។ មន្ត្រីរូបនេះបន្ថែមថាការនាំចេញអាវុធរបស់សហរដ្ឋអាមេរិកប្រៀបបានទៅនឹងការនាំចេញសង្រ្គាម ហើយថាកូរ៉េខាងជើងនឹងបន្តពង្រឹងសមត្ថភាពយោធាដើម្បីការពារខ្លួន និងថែរក្សាតុល្យភាពអំណាចក្នុងតំបន់។
កូរ៉េខាងជើងជាទម្លាប់តែងតែថ្កោលទោសកិច្ចសហប្រតិបតិ្តការយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថាជាការត្រៀមលក្ខណៈសម្រាប់សង្រ្គាម៕



