អគ្គលេខាធិការ UN អំពាវនាវឱ្យបញ្ឈប់អំពើហិង្សានៅមជ្ឈិមបូព៌ា និងស្នើឱ្យបើកច្រកព្រំដែនហ្គាហ្សាឡើងវិញ (Video inside)
09-06-2026 20:43
(វ៉ាស៊ីនតោន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) នៅថ្ងៃអង្គារ បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X លោក ហ្គូតឺរ៉េស បានសង្កត់ធ្ងន់ថា រាល់ការវាយប្រហារទាំងអស់ត្រូវតែបញ្ឈប់ភ្លាមៗ ហើយភាគីពាក់ព័ន្ធត្រូវតែគោរពបទឈប់បាញ់នៅលីបង់ អ៊ីរ៉ង់ និងហ្គាហ្សាឱ្យបានពេញលេញ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបើកការបាញ់ប្រហារដាក់គ្នាជាថ្មីកាលពីថ្ងៃចន្ទ មុនពេលយល់ព្រមផ្អាកការវាយប្រហារតាមការស្នើសុំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការក៏បានរិះគន់ការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការបិទច្រកព្រំដែនហ្គាហ្សា ដោយបានទទូចឱ្យបើកឡើងវិញជាបន្ទាន់ ដើម្បីអនុញ្ញាតឱ្យមានលំហូរជំនួយមនុស្សធម៌ចូលទៅជួយសង្គ្រោះប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា បើទោះបីជាមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស (Hamas) ក្តី ប៉ុន្តែភាគីទាំងពីរតែងតែចោទប្រកាន់គ្នាពីការបំពានកិច្ចព្រមព្រៀង ខណៈការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៩៥០នាក់ទៅហើយ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក៕
