ប៉ូឡូញនឹងហាមឃាត់ការប្រើទូរសព្ទដៃនៅសាលារៀន ហើយរឹតបន្តឹងការចូលទៅកាន់វែបសាយអាសអាភាស
03-06-2026 13:54
(វ៉ាសូវី)៖ កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋាភិបាលនៃប្រទេសប៉ូឡូញ បានអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន ដែលមានគោលដៅការពារកុមារពីគ្រោះថ្នាក់នៃប្រព័ន្ធអនឡាញ ដោយរួមមានទាំងបម្រាមនៃការប្រើប្រាស់ទូរសព្ទដៃនៅក្នុងសាលារៀន និងការរឹតបន្តឹងលក្ខខណ្ឌផ្ទៀងផ្ទាត់អាយុ សម្រាប់ការចូលទៅកាន់វែបសាយអាសអាភាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សេចក្តីព្រាងច្បាប់មួយ នឹងហាមឃាត់កុមារអាយុចាប់ពី៧ឆ្នាំ ដល់១៥ឆ្នាំ ប្រើប្រាស់ទូរសព្ទដៃនៅក្នុងបរិវេណសាលារៀនទាំងមូល រាប់បញ្ចូលទាំងពេលសម្រាកចន្លោះម៉ោងរៀន។ ចំណាត់ការនេះនឹងចូលជាធរមាននៅដើមខែកញ្ញា ប្រសិនបើត្រូវបានអនុម័តដោយសភា។ ចំណែកឯ សេចក្តីព្រាងច្បាប់ដាច់ដោយឡែកមួយទៀតដែលស្នើឡើងរដ្ឋាភិបាលប៉ូឡូញ នឹងតម្រូវឱ្យវែបសាយនានាដែលផ្តល់សេវាកម្មមាតិកាអាសអាភាស ត្រូវដាក់ចេញប្រព័ន្ធផ្ទៀងផ្ទាត់អាយុថ្មីមួយដែលមានភាពតឹងរ៉ឹងខ្លាំង។ រដ្ឋាភិបាលប៉ូឡូញ បាននិយាយថា ប្រព័ន្ធនោះមិនអាចត្រឹមពឹងផ្អែកលើការប្រកាសអាយុដោយសាមីខ្លួន ការស្កេនជីវមាត្រ ឬការតាមដានសកម្មភាពអនឡាញរបស់អ្នកប្រើប្រាស់ទេ ហើយចាំបាច់ត្រូវតែស្របតាមច្បាប់ការពារទិន្នន័យឯកជន និងឯកជនភាព។
នាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk បាននិយាយថា ចំណាត់ការខាងលើ គឺដើម្បីឆ្លើយតបការរីកធំឡើង នៃក្តីកង្វល់ជុំវិញបញ្ហានៃការញៀននឹងប្រព័ន្ធឌីជីថល ភាពថយចុះការផ្តោតអារម្មណ៍យកចិត្តទុកដាក់ក្នុងចំណោមក្មេងៗ និងការចូលទៅកាន់មាតិកាអនឡាញ ដែលគ្រោះថ្នាក់ដោយសេរី។ កាលពីខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងអប់រំប៉ូឡូញ លោកស្រី Barbara Nowacka ក៏បានផ្តួចផ្តើមផែនការសំដៅហាមកុមារអាយុក្រោម១៥ឆ្នាំ ប្រើប្រាស់បណ្តាញសង្គម (social media) ផងដែរ។
គួរបញ្ជាក់ថា ប្រទេសមួយចំនួនកន្លងមកនេះ បាននាំគ្នាហាមឃាត់ការប្រើស្មាតហ្វូននៅសាលារៀន ដោយសារក្តីបារម្ភជុំវិញផលប៉ះពាល់ ចំពោះការផ្តោតអារម្មណ៍រៀនសូត្រ និងអាកប្បកិរិយារបស់ក្មេងៗ។ ចំណែកប្រទេសខ្លះទៀត ក៏បានហាមឃាត់ ឬកំពុងពិចារណាហាមឃាត់កុមារប្រើប្រាស់បណ្តាញសង្គម៕



