អាមេរិក និងសម្ព័ន្ធមិត្តណាតូ ត្រៀមបើកសមយុទ្ធយោធាទំហំតូចជាងមុននៅសមុទ្របាល់ទិក
02-06-2026 22:25
(រ៉ូស្តុក)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ (NATO) នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ ដោយសារតែកងនាវាជាច្រើនកំពុងជាប់ដៃក្នុងតំបន់ជម្លោះផ្សេងៗទៀត ប៉ុន្តែក្រុមមន្ត្រីបានអះអាងថា សមយុទ្ធនេះនៅតែអាចផ្ញើសារពីសាមគ្គីភាព និងភាពរឹងមាំទៅកាន់ប្រទេសរុស្ស៊ីដដែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
គួរបញ្ជាក់ថា សមយុទ្ធប្រចាំឆ្នាំដែលធ្លាប់បានធ្វើឡើងជាង ៥ទសវត្សរ៍មកនេះ នឹងមានការចូលរួមពីនាវាប្រមាណ ២០គ្រឿង មកពី ១៥ប្រទេស ជាមួយនឹងកម្លាំងទ័ពជិត ៦,០០០នាក់ ដែលទំហំនេះគឺមានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ បើធៀបនឹងសមយុទ្ធកាលពីឆ្នាំមុន។ ក្រុមមន្ត្រីបានពន្យល់ថា ការរួមតូចនៃទំហំសមយុទ្ធនេះ ឆ្លុះបញ្ចាំងពីតថភាពប្រតិបត្តិការជាក់ស្តែង ដោយសារតែកងទ័ពជើងទឹកលោកខាងលិច កំពុងជាប់រវល់នៅតំបន់ផ្សេងៗ ជាពិសេសនៅច្រកសមុទ្រហ័រមូស និងតំបន់អាកទិក៕

