EU បើកផ្លូវដើម្បីអាចបណ្តេញជនអន្តោប្រវេសន៍ ទៅកាន់មជ្ឈមណ្ឌលដែលស្ថិតនៅក្រៅប្លុក (Video inside)
02-06-2026 16:47
(ព្រុចសែល)៖ សមាជិកសភា និងរដ្ឋាភិបាលនៃប្លុកសហភាពអឺរ៉ុប (EU) បានឯកភាពលើច្បាប់ថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យប្រទេសនានា បញ្ជូនជនអន្តោប្រវេសន៍ ដែលត្រូវបណ្តេញចេញពីប្លុក ទៅកាន់មជ្ឈមណ្ឌលនៅក្នុងប្រទេសទីបី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦។
ច្បាប់ថ្មី ដែលនៅត្រូវការការអនុម័តផ្លូវការដោយរដ្ឋាភិបាល និងសភាអឺរ៉ុប ត្រូវបានស្នើឡើងកាលពីឆ្នាំមុន ដោយគណៈកម្មការអឺរ៉ុប ហើយវានឹងសម្រួលនីតិវិធី ក៏ដូចជាផ្តល់ឱ្យរដ្ឋាភិបាលនូវរបៀបធ្វើការបន្ថែមទៀត ដើម្បីបណ្តេញមនុស្ស ប៉ុន្តែគោរពសិទ្ធិជាមូលដ្ឋាន។
ក្រោមច្បាប់ថ្មី ប្រទេសសហភាពអឺរ៉ុបអាចបង្កើតអ្វីដែលគេហៅថា «មជ្ឈមណ្ឌលត្រឡប់ទៅវិញ» នៅខាងក្រៅប្លុក សម្រាប់អ្នកដែលបានទាមទារសិទ្ធិជ្រកកោនតែត្រូវបានបដិសេធ ឬអ្នកដែលត្រូវបានបញ្ជាឱ្យចាកចេញពី EU។ អ្នកដែលត្រូវបណ្តេញ ក៏អាចត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌល នៅក្នុងប្រទេសដែលពួកគេមិនមានទំនាក់ទំនងជាមួយផងដែរ។
ចំណាត់ការនេះ នាំឱ្យមានការិះគន់ពីសំណាក់ក្រុមសិទ្ធិមនុស្ស ថាអាចនឹងនាំឱ្យមានការរំលោភបំពានផ្សេងៗ។ តែវាគឺជាផ្នែកមួយនៃការរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍របស់ EU ចំពេលមានសម្ពាធពីភាគីស្តាំនិយម បើទោះជាចំនួនជនអន្តោប្រវេសន៍ឆ្នាំមុន បានធ្លាក់ចុះដល់កម្រិតទាបបំផុត គិតចាប់តាំងពីឆ្នាំ ២០២១ក៏ដោយ៕



