ក្រុមហ៊ុន Moderna និងក្រុមអ្នកស្រាវជ្រាវ នឹងទទួលបានថវិកា ៦០លានដុល្លារ សម្រាប់ការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺអេបូឡា
02-06-2026 15:38
(Reuters)៖ អង្គការសុខាភិបាលសកល CEPI នឹងផ្តល់ថវិកា ៦០លានដុល្លារទៅឱ្យក្រុមហ៊ុនឱសថ Moderna ក្រុមចំនួនពីរផ្សេងទៀត ដើម្បីពន្លឿនការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងជំងឺ Ebola ប្រភេទ Bundibugyo ដែលជាមេរោគដ៏សាហាវ និងកំពុងរាលដាលនៅភាគខាងកើត នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦។
CEPI ដែលបានបង្កើតវ៉ាក់សាំងកូវីដ១៩ ប្តេជ្ញាយកថវិកា ៥០លានដុល្លារទៅគាំទ្រការព្យាបាល ដល់អ្នកដែលយល់ព្រមសាកល្បងដំណាក់កាលដំបូងនៃវ៉ាក់សាំង BDBV របស់ក្រុមហ៊ុន Moderna។ CEPI ក៏នឹងវិនិយោគ ៨,៦លានដុល្លារ សម្រាប់ការអភវិឌ្ឍវ៉ាក់សាំងដោយសាកលវិទ្យាល័យ Oxford និង៣,២លានដុល្លារ សម្រាប់វិទ្យាស្ថាន Serum របស់ឥណ្ឌា។
ប្រធាន CEPI លោក Richard Hatchett ប្រាប់ Reuters ថាវាអាចទៅរួចដែលវ៉ាក់សាំង Ebola Bundibugyo (BDBV) នឹងដាក់ឱ្យការសាកល្បងប្រើប្រាស់នៅប៉ុន្មានខែខាងមុខ។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺអេបូឡា កុងហ្កោរកឃើញករណីឆ្លងចំនួន ២៨២ករណី រួមទាំង ៤២នាក់ស្លាប់ និងមានករណីសង្ស័យប្រហែល ១ ១០០ករណី៕



