រុស្ស៉ីបាញ់ដ្រូនជាង៦៥០គ្រឿង និងមីស៉ីល៧០គ្រាប់លើអ៊ុយក្រែន និងថាវាជាការឆ្លើយតបទង្វើភេរវកម្មរបស់ទីក្រុងកៀវ (Video inside)
02-06-2026 15:07
(មូស្គូ)៖ នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសធំសម្បើមមួយ កាលពីវេលាយប់កន្លងទៅនេះលើអ៊ុយក្រែន គឺជាការឆ្លើយតបចំពោះអ្វីដែលខ្លួនហៅថា ទង្វើភេរវកម្មរបស់ទីក្រុងកៀវប្រឆាំងគោលដៅនៅក្នុងទឹកដីរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អាជ្ញាធរនៅអ៊ុយក្រែន បានអះអាងថា រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូនចំនួនរហូតដល់៦៥៦គ្រឿង រួមជាមួយមីស៉ីល៧៣គ្រាប់ វាយប្រហារទៅលើរដ្ឋធានីកៀវ និងទីក្រុងដទៃទៀត កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារនេះ បណ្តាលឱ្យមនុស្សយ៉ាងហោច១១នាក់បាត់បង់ជីវិត និងបង្កឱ្យរងរបួសជាង១០០នាក់ផ្សេងទៀត បន្ទាប់ពីប៉ុន្មានថ្ងៃមុន ទីក្រុងមូស្គូបានគំរាមអំពីការវាយប្រហារទ្រង់ទ្រាយធំ។
ដោយឡែក ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា យប់កន្លងទៅនេះ ឆ្លើយតបទង្វើភេរវកម្មនៃរបបដឹកនាំទីក្រុងកៀវ កងកម្លាំងប្រដាប់អាវុធរុស្ស៉ី បានបើកការវាយប្រហារទ្រង់ទ្រាយធំមួយ ដោយប្រើអាវុធចម្ងាយឆ្ងាយបាញ់ចេញពីអាកាស ដីគោក និងផ្ទៃសមុទ្រ។ រុស្ស៉ីបានអះអាងថា ខ្លួនបានប្រើមីស៉ីលល្បឿនលឿនជាងសំឡេងនិងដ្រូន វាយប្រហារតំបន់ចំនួន៧របស់អ៊ុយក្រែន រួមមានទាំង Kyiv, Zaporizhzhia, និង Kharkov ហើយកំណត់គោលដៅដោយជោគជ័យលើទីតាំងនានា ដែលមានប្រយោជន៍សម្រាប់យោធាអ៊ុយក្រែន ដូចជាកន្លែងស្តុកប្រេង ទីតាំងដឹកជញ្ជូន និងព្រលានយន្តហោះ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន វិមានក្រឹមឡាំង បានព្រមានអំពីការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងគោលដៅនៅអ៊ុយក្រែន រួមមានទាំងរដ្ឋធានីកៀវ ដើម្បីសងសឹក សម្រាប់អ្វីដែលខ្លួនអះអាងថា ជាការវាយប្រហារដ៏សាហាវរបស់អ៊ុយក្រែន លើអគារស្នាក់នៅរបស់និស្សិតមួយកន្លែង ក្នុងផ្នែកនៃតំបន់ Luhansk គ្រប់គ្រងដោយរុស្ស៉ី នៅភាគខាងកើតអ៊ុយក្រែន ដែលបានផ្តាច់ជីវិតមនុស្ស២១នាក់។ កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ទីក្រុងកៀវ បានបើកទំព័រថ្មីនៃការប្រព្រឹត្តឧក្រិដ្ឋកម្មជាបន្តបន្ទាប់ ជាមួយការវាយប្រហារលើអគារស្នាក់នៅរបស់និស្សិតមួយ ព្រមទាំងការវាយប្រហារមួយក្រោយមកទៀត លើអគារស្នាក់នៅ ក្នុងផ្នែកនៃតំបន់ Kherson របស់អ៊ុយក្រែន ដែលស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី៕





