សមាជិកព្រឹទ្ធសភាហ្វីលីពីន ត្រូវបានចាប់ខ្លួនជុំវិញរឿងអាស្រូវពុករលួយ ពាក់ព័ន្ធគម្រោងទប់ស្កាត់គ្រោះទឹកជំនន់ (Video inside)
02-06-2026 14:31
(ម៉ានីល)៖ កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ប៉ូលិសនៅប្រទេសហ្វីលីពីន បានចាប់ខ្លួនសមាជិកព្រឹទ្ធសភាម្នាក់ ជុំវិញរឿងអាស្រូវពុករលួយពាក់ព័ន្ធថវិការាប់ពាន់លានដុល្លារ។ ប្រការនេះធ្វើឱ្យរូបលោក ជាមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់បំផុត ដែលត្រូវបានចាប់ខ្លួន ក្នុងសំណុំរឿងមួយ ដែលកន្លងមកបានបង្កឱ្យផ្ទុះការធ្វើបាតុកម្មទ្រង់ទ្រាយធំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
ការចាប់ខ្លួនសមាជិកព្រឹទ្ធសភា លោក Jose Estrada គឺកើតមានឡើង ក្នុងរយៈពេលជិត១ឆ្នាំ បន្ទាប់ពីការលាតត្រដាងនៃរឿងអាស្រូវពុករលួយដ៏ធំសម្បើមមួយ ពាក់ព័ន្ធគម្រោងហេដ្ឋារចនាសម្ព័ន្ធទប់ស្កាត់គ្រោះទឹកជំនន់ ដែលជាបញ្ហាបង្កផលវិបាកធ្ងន់ធ្ងរ ដ្បិតហ្វីលីពីនជាប្រទេសទទួលរងគ្រោះពីព្យុះទីហ្វុងធំៗរៀងរាល់ឆ្នាំ។
កន្លងមក ម្ចាស់ក្រុមហ៊ុនសំណង់ មន្រ្តីរដ្ឋាភិបាល និងអ្នកនយោបាយមួយចំនួន ត្រូវបានចោទប្រកាន់ពីនាំគ្នាបទកិបកេងលុយពីគម្រោងខាងលើ ប៉ុន្តែនេះគឺជាលើកទីមួយ ដែលសមាជិកសភាកំពុងកាន់តំណែង ត្រូវបានចាប់ខ្លួនជុំវិញរឿងអាស្រូវនេះ។
គួរបញ្ជាក់ថា អំពើពុករលួយ គឺជាបញ្ហាយូរមកហើយនៅក្នុងប្រទេសហ្វីលីពីន ប៉ុន្តែរឿងអាស្រូវគម្រោងទប់ស្កាត់គ្រោះទឹកជំនន់ មានភាពលេចធ្លោជាងគេ ដោយសារតែ ទំហំទឹកប្រាក់ដែលពាក់ព័ន្ធ។ បើតាមការចោទប្រកាន់របស់រដ្ឋអាជ្ញារដ្ឋាភិបាលហ្វីលីពីន លោក Jose Estrada បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាសមាជិកព្រឹទ្ធសភា បញ្ចូលគម្រោងហេដ្ឋារចនាសម្ព័ន្ធទប់ស្កាត់គ្រោះទឹកជំនន់ ទៅក្នុងកញ្ចប់ថវិកាជាតិឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យរូបលោកទទួលបានកម្រៃជើងសាខុសច្បាប់ រហូតដល់៥៧៣លានប៉េសូ ឬស្មើនឹង៩,២លានដុល្លារ៕

