FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខ UN ថាវាជារឿងចាំបាច់ក្នុងការររក្សាវត្តមានកងកម្លាំង UN នៅលីបង់ ក្រោយបេសកកម្មបច្ចុប្បន្នត្រូវបញ្ចប់ចុងឆ្នាំនេះ (Video inside)

02-06-2026 13:42

(យូអិន)៖ កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយថា វានឹងចាំបាច់ ក្នុងការរក្សាវត្តមានកងកម្លាំងរក្សាសន្តិភាពនៅក្នុងប្រទេសលីបង់ បន្ទាប់ពីអាណត្តិបេសកកម្មបច្ចុប្បន្ន ត្រូវផុតសុពលភាពនាចុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខ លោក Guterres បានស្នើឡើងនូវជម្រើស៣ រួមមានចាប់តាំងពីចំនួនកងកម្លាំង UN ជិត២០០០នាក់ រហូតដល់ជាង៥ ៥០០នាក់ ដើម្បីឃ្លាំមើលបទឈប់បាញ់ និងគាំទ្រកងកម្លាំងប្រដាប់អាវុធរបស់លីបង់។ របាយការណ៍នោះ បាននិយាយដូច្នេះថា «ក្រោមជម្រើសនៃសំណើទាំងអស់ វត្តមានកងកម្លាំង UN ធ្វើការដើម្បីជួយសម្រួលដល់​ការបន្ធូរបន្ថយភាពតានតឹង កិច្ចសន្ទនា ការទាក់ទង និងការសហការ ហើយគាំទ្រដល់កងកម្លាំងប្រដាប់អាវុធលីបង់ នឹងជារឿងចាំបាច់ ក្នុងការឆ្ពោះទៅរកកម្មវត្ថុគ្រប់ជ្រុងជ្រោយ គឺការស្វែងរកដំណោះស្រាយរយៈពេលវែងសម្រាប់ជម្លោះ»

ក្តីបារម្ភបានកើនឡើងខ្លាំង ជុំវិញការចាកចេញនៃបេសកកម្មរក្សាសន្តិភាពរបស់ UN នៅប្រទេសលីបង់ នាពេលបច្ចុប្បន្ន ហៅកាត់ថា UNIFIL ស្របពេលដែលកងទ័ពអ៉ីស្រាអែល កំពុងត្រួតត្រាតំបន់ព្រំដែនភាគខាងត្បូងលីបង់ ក្នុងសង្រ្គាមប្រឆាំងក្រុមសកម្មប្រយុទ្ធហេសបូឡា ហើយអ៉ីស្រាអែលនិងលីបង់ បើកកិច្ចចរចាដោយផ្ទាល់ ដើម្បីព្យាយាមបិទបញ្ចប់​អរិភាពដែលអូសបន្លាយប៉ុន្មានទសវត្សរ៍មកហើយ។

សព្វថ្ងៃបេសកកម្ម UNIFIL មានកងកម្លាំងរក្សាសន្តិភាពប្រហែល៧៥០០នាក់ មកពីជិត៥០ប្រទេស។ ពួកគេត្រូវបានដាក់ពង្រាយ ​នៅភាគខាងត្បូងលីបង់ ក្បែរខ្សែបន្ទាត់ខៀវ ឬ Blue Line ដែលបម្រើជាបន្ទាត់ព្រំប្រទល់ចម្ងាយ ១២០គីឡូម៉ែត្ររវាងលីបង់និង​អ៉ីស្រាអែល ហើយឥឡូវវាគឺជាទីដែលពួកគេកំពុងស្ថិតនៅចំកណ្តាល នៃសង្រ្គាមអ៉ីស្រាអែល-ហេសបូឡា។

មន្រ្តីលីបង់មួយរូបបានឱ្យដឹងថា ក្រោយពេលអាណត្តិរបស់ UNIFIL បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ លីបង់គឺនៅតែចង់ឱ្យមានវត្តមាន​របស់កងកម្លាំងអន្តរជាតិមួយ ដែលស្ថិតក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។ ចំណែកមន្រ្តីលីបង់ម្នាក់ទៀត បាននិយាយថា វាជារឿងសំខាន់ ក្នុងការមានកងកម្លាំង UN ក្នុងទម្រង់ណាមួយ​ ស្រដៀងទៅនឹង UNIFIL ពោលគឺអាចបន្ថយចំនួន ឬក៏​ការសម្រួលគោលដៅបេសកកម្ម។

គួរបញ្ជាក់ថា UNIFIL បានដើរតួជាអ្នកនៅចន្លោះកណ្តាលរវាងលីបង់និងអ៉ីស្រាអែល ហើយជួយបន្ថយភាពតានតឹងខ្លះៗ ចាប់តាំងពីឆ្នាំ១៩៧៨មក ប៉ុន្តែវត្តមាននៃបេសកកម្ម UN នេះ គឺមិនគ្រប់គ្រាន់ទេក្នុងការទប់ស្កាត់មិនឱ្យមានការផ្ទុះជម្លោះសាជាថ្មី​ម្តងហើយម្តងទៀត៕