ផ្ទុះការតវ៉ាក្នុងប្រទេសកេនយ៉ា បន្ទាប់ពីអាមេរិកស្នើធ្វើចត្តាឡីស័ក្តអ្នកសង្ស័យឆ្លងជំងឺអេបូឡា នៅមូលដ្ឋានយោធា (Video inside)
02-06-2026 11:47
(ណៃរ៉ូប៊ី)៖ មនុស្សរាប់រយនាក់បានចេញដើរតាមដងផ្លូវ ភាគកណ្តាលទីក្រុង Nanyuki នៃប្រទេសកេនយ៉ា ដើម្បីតវ៉ាប្រឆាំងនឹងចំណាត់ការរបស់សហរដ្ឋអាមេរិក ដែលចង់ដាក់ទីតាំងធ្វើចត្តាឡីស័ក្តអ្នកសង្ស័យឆ្លងជំងឺអេបូឡា នៅមូលដ្ឋានយោធា តែអ្នកស្រុកកេនយ៉ា បានឱ្យដឹងថាក្រោយមកតុលាការជាន់ខ្ពស់ បានបង្គាប់ឱ្យផ្អាកផែនការនោះសិន។ នេះបើយោងការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦។
ការបង្គាប់ឱ្យផ្អាកកើតមានឡើង បន្ទាប់ពីមានបណ្តឹងមួយចំនួនលើកហេតុផលថាទីតាំងបែបនោះ អាចបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។ មន្ត្រីជាន់ខ្ពស់អាមេរិកនិយាយថា ទីតាំងមួយនៅមូលដ្ឋានទ័ពអាកាសក្នុងស្រុក Laikipia មានគ្រែចំនួន ៥០ ទុកសម្រាប់ឱ្យប្រជាជនអាមេរិកដែលប៉ះពាល់នឹងវីរុសនេះ ប៉ុន្តែមិនទាន់ចេញរោគសញ្ញា ស្នាក់បណ្តោះអាសន្ន។ រដ្ឋមន្ត្រីសុខាភិបាលកេនយ៉ា លោក Aden Duale បាននិយាយថា វាគឺជាផ្នែកមួយនៃការពង្រឹងប្រព័ន្ធឆ្លើយតបគ្រាអាសន្ន។
វីដេអូដែល Reuters ទទួលបានកាលពីថ្ងៃចន្ទ បង្ហាញឱ្យឃើញមនុស្សប្រហែល ១០០នាក់ ឈរនៅចម្ងាយប្រហែល ៤គីឡូម៉ែត្រ ពីទីតាំងចត្តាឡីស័ក្តដែលបានគ្រោងទុក។ មានផ្សែងឃ្មួលខ្មាញ់ចេញពីការឆេះនៅលើផ្លូវ។ អ្នករៀបចំការតវ៉ាម្នាក់ ប្រាប់ Reuters ថា Nanyuki ជាទីក្រុងតូចមួយ កូនៗរបស់ពួកគេរៀននៅសាលាជាមួយគ្នា ហើយបើសិនមានបុគ្គលិកយោធាមូលដ្ឋាននៅក្បែរៗពួកគេ នោះប្រហែលជាអាចនឹងមានការកំណត់ថាបើនរណាម្នាក់ឆ្លង គឺឆ្លងទាំងអស់គ្នា។ ពួកគេចង់ឱ្យទីតាំងចត្តាឡីស័ក្តដែលគ្រោងទុកនោះ បិទទ្វារវិញត្រឹមថ្ងៃអង្គារ ទី៩ ខែមិថុនា។ តាមអ្នកស្រុកនៅទីនោះ យោធាអាមេរិកក៏បានបង្កើនវត្តមានច្រើន ជាមួយនិងបរិក្ខាយោធាផងដែរ៕


