តៃវ៉ាន់៖ ពីឡុត ២នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះយោធាសម្រាប់ការហ្វឹកហ្វឺន (Video inside)
02-06-2026 09:44
(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថាយន្ដហោះយោធាសម្រាប់ហឹ្វកហ្វឺនមួយគ្រឿងបានធ្លាក់ នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយសារបញ្ហាគាំងម៉ាស៊ីន អំឡុង ការហាត់សមហោះហើរ ដោយបណ្ដាលឱ្យពីឡុត ២នាក់បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាបានឱ្យដឹងទៀតថាយន្ដហោះហ្វឹកហ្វឺនធុន T-34 បានធ្លាក់នៅម៉ោង ៨៖០៨នាទីព្រឹក នៅភាគខាងជើង នៃចុងផ្លូវរត់នៅឯមូលដ្ឋានទ័ពអាកាស Gangshan ស្ថិតក្នុងទីក្រុងកំពង់ផែ Kaohsiung នៃភាគខាងត្បូងកោះតៃវ៉ាន់។
ភ្លាមៗនោះដែរ កងទ័ពអាកាសតៃវ៉ាន់បានបង្កើតក្រុមការងារស៊ើបអង្កេតមួយដើម្បីកំណត់មូលហេតុបណ្ដាលឱ្យយន្ដហោះនោះធ្លាក់។
គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២៦ យន្ដហោះចម្បាំង F-16 មួយគ្រឿងរបស់យោធាតៃវ៉ាន់បានធ្លាក់ចូលក្នុងសមុទ្រនៃឆ្នេរភាគខាងកើតតៃវ៉ាន់ អំឡុងបេសកកម្មហាត់សមជាប្រចាំមួយ។ ពីឡុតត្រូវបានគេជឿជាក់ថាបានលោតឆត្រយោងចេញពីយន្ដហោះ តែរូបគេមិនត្រូវបានគេរកឃើញនោះទេ៕
