ព្យុះត្រូពិក Jangmi បង្កឱ្យមនុស្ស ៩នាក់រងរបួសនៅជប៉ុន មនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់ (Video inside)
02-06-2026 09:24
(តូក្យូ)៖ ព្យុះត្រូពិកដ៏ខ្លាំងក្លាមួយឈ្មោះ Jangmi បានវាយប្រហារលើភាគនិរតីប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយបណ្ដាលឱ្យប្រជាជនរាប់ម៉ឺននាក់ គ្មានអគ្គិសនីប្រើប្រាស់ ជើងហោះហើររាប់រយត្រូវបានលុបចោល និងមនុស្ស៩នាក់បានរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានពីរលកសមុទ្រមានកម្ពស់ខ្ពស់ គ្រោះរអិលបាក់ដី និងគ្រោះទឹកជំនន់ ខណៈព្យុះ Jangmi បក់បោកឆ្ពោះទៅទិសខាងជើង បន្ទាប់ពីបក់បោក លើកោះ Okinawa កាលពីថ្ងៃចន្ទម្សិលមិញ។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ប្រជាជនជាង ៣០ ០០០គ្រួសារក្នុងតំបន់ Kagoshima ស្ថិតនៅភាគនិរតីជប៉ុន និងប្រជាជន ១៧០០០នាក់ផ្សេងទៀតនៅលើកោះ Okinawa គ្មានអគ្គិសនីប្រើប្រាស់។ បន្ថែមពីលើនេះ ព្យុះ Jangmi ក៏បានធ្វើឱ្យមនុស្ស ៩នាក់រងរបួសផងដែរនៅលើ កោះ Okinawa។
បើតាមអាជ្ញាធរជប៉ុន សេវាដឹកជញ្ជូនសាធារណៈក្នុងទីក្រុងតូក្យូ និងទីក្រុងក្បែរខាងអាចនឹងប្រឈមមុខនឹងការរំខាននៅថ្ងៃពុធសប្ដាហ៍នេះ ខណៈព្យុះបក់បោកមកកាន់តែកៀក៕

