លោក ត្រាំ អះអាងថាអ៉ីស្រាអែល និងហេសបូឡា យល់ព្រមបញ្ឈប់ការវាយប្រយុទ្ធគ្នា (Video inside)
02-06-2026 08:44
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាអ៉ីស្រាអែល និងក្រុមហេសបូឡាបានយល់ព្រមបញ្ឈប់ ការវាយប្រយុទ្ធគ្នា ហើយថាកិច្ចចរចាជាមួយអ៉ីរ៉ង់នៅតែបន្តធ្វើឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ត្រាំ បានអះអាងថារូបលោកមានកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងមានកិច្ចពិភាក្សាដ៏ល្អប្រសើរមួយ ជាមួយក្រុមហេសបូឡាសតាមរយៈអន្តការីដែលមិនទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណនៅឡើយទេ។ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ ថែមទាំងបានគូសបញ្ជាក់ទៀតផងថាលោក Netanyahu បានយល់ព្រមលុបចោលផែនការបើកប្រតិបត្តិការវាយឆ្មក់មួយលើទីក្រុងបេរូត រីឯក្រុមហេសបូឡាវិញ បានយល់ព្រមថានឹងបញ្ឈប់ការវាយប្រហារលើអ៉ីស្រាអែល។
ប៉ុន្តែ វាមានសញ្ញានៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជុំវិញស្ថានការណ៍នៅមជ្ឈិមបូព៌ា ដោយនៅក្នុងសេចក្ដីរាយការណ៍មួយ សារព័ត៌មានអាមេរិក Axios បានឱ្យដឹងថាលោក ត្រាំ បានហៅលោក Netanyahu ថាមនុស្សឆ្កួត និងបានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះថាកំពុងធ្វើឱ្យកិច្ចចរចាសន្តិភាពជាមួយអ៉ីរ៉ង់ ធ្លាក់ចូលក្នុងហានិភ័យនៃការដួលរលំ។ លោក Netanyahu ត្រូវបានគេមើលឃើញថាតែងតែចេញបញ្ជាឱ្យយោធាអ៉ីស្រាអែលបង្កើនការវាយលុកលើក្រុមហេសបូឡា នៅលីបង់ នៅពេលមានសេចក្ដីរាយការណ៍ថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ខិតជិតដល់កិច្ចព្រមព្រៀង។
ការអត្ថាធិប្បាយរបស់លោក ត្រាំ ទៀតសោតធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim បានរាយការណ៍ថាទីក្រុងតេហេរ៉ង់បានផ្អាកកិច្ចចរចាជាមួយ ក្រុមអ្នកសម្របសម្រួល ជាការបង្ហាញការប្រឆាំងជំទាស់នឹងការពង្រីកប្រតិបត្តិការវាយលុករបស់អ៉ីស្រាអែលក្នុងប្រទេសលីបង់ ដើម្បីបោសសម្អាតក្រុមហេសបូឡាដែលជា សម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់។ តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បាននិយាយថាកិច្ចចរចាជាមួយអ៉ីរ៉ង់នៅតែបន្តធ្វើឡើងក្នុងល្បឿនឆ្ពោះទៅមុខយ៉ាងលឿន។
គួរបញ្ជាក់ថា នៅក្នុងលក្ខខណ្ឌបិទបញ្ចប់សង្រ្គាមជាមួយសហរដ្ឋអាមេរិក អ៉ីរ៉ង់ក៏បានទាមទារផងដែរឱ្យអ៉ីស្រាអែលបញ្ឈប់ការវាយប្រហារលើលីបង់៕


