យោធាចិន និងអាមេរិក ជួបពិភាក្សាគ្នានៅរដ្ឋហាវ៉ៃ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការទំនាក់ទំនង (Video inside)
01-06-2026 23:12
(ប៉េកាំង)៖ កងទ័ពជើងទឹកចិន នៅថ្ងៃចន្ទ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា ថ្មីៗនេះ ប្រទេសចិន និងសហរដ្ឋអាមេរិក បានរៀបចំកិច្ចសន្ទនាប្រកបដោយ «ភាពស្មោះត្រង់ និងស្ថាបនា» ជុំវិញបញ្ហាសុវត្ថិភាពផ្លូវអាកាស និងលំហសមុទ្រ ព្រមទាំងបានពិភាក្សាអំពីវិធានការនានាដើម្បីពង្រឹងសន្តិសុខយោធាដែនសមុទ្រផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមសេចក្តីថ្លែងការណ៍ ភាគីទាំងពីរបានរៀបចំកិច្ចប្រជុំក្រុមការងារ នៃកិច្ចព្រមព្រៀងពិគ្រោះយោបល់យោធាដែនសមុទ្រ នៅក្នុងរដ្ឋហាវ៉ៃ (Hawaii) កាលពីថ្ងៃទី២៨ ដល់ទី២៩ ខែឧសភា កន្លងទៅ ដោយបានឯកភាពគ្នាថា ការពង្រឹងទំនាក់ទំនងអាចជួយកាត់បន្ថយការវាយតម្លៃខុស និងលើកកម្ពស់វិជ្ជាជីវៈរវាងកងទ័ពទាំងពីរ។
ទោះជាយ៉ាងណា ភាគីចិនបានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «ចិនប្រឆាំងដាច់អហង្ការចំពោះរាល់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងសន្តិសុខរបស់ចិន ដោយយកលេសការពារសេរីភាពនាវាចរណ៍ និងការហោះហើរ ព្រមទាំងប្រឆាំងរាល់ការរំលោភបំពាន ការញុះញង់ ការស៊ើបការណ៍នៅក្បែរៗ និងការយាយីផ្សេងៗដែលសំដៅមកលើប្រទេសចិន»៕
