អ៊ីរ៉ង់បញ្ឈប់ការចរចាជាមួយអាមេរិក និងគំរាមបិទច្រកសមុទ្រហ័រមូសទាំងស្រុង ដើម្បីសងសឹកឱ្យលីបង់ (Video inside)
01-06-2026 22:01
(តេហេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ នៅថ្ងៃចន្ទ បានរាយការណ៍ថា ក្រុមអ្នកចរចារបស់ទីក្រុងតេហេរ៉ង់ បានសម្រេចបញ្ឈប់ការផ្លាស់ប្តូរសារឆ្លើយឆ្លងជាមួយសហរដ្ឋអាមេរិក តាមរយៈអ្នកសម្របសម្រួលហើយ ដោយសារតែមានការវាយប្រហារជាបន្តបន្ទាប់លើប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
របាយការណ៍ដដែលបានបញ្ជាក់ថា អ៊ីរ៉ង់ និងក្រុមចលនាតស៊ូ ដែលរួមមានសម្ព័ន្ធមិត្តនៅក្នុងប្រទេសយេម៉ែន លីបង់ និងអ៊ីរ៉ាក់ បានដាក់ចេញនូវរបៀបវារៈក្នុងការបិទខ្ទប់ច្រកសមុទ្រហ័រមូសទាំងស្រុង ព្រមទាំងត្រៀមបើកសមរភូមិផ្សេងៗទៀត រួមទាំងនៅច្រកសមុទ្រ Bab El Mandeb ផងដែរ ដើម្បី «ផ្តន្ទាទោស» អ៊ីស្រាអែល និងអ្នកគាំទ្ររបស់ខ្លួន។
ប្រសិនបើក្រុម ហ៊ូទី ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅយេម៉ែន ចូលរួមក្នុងជម្លោះនេះ គោលដៅចម្បងរបស់ពួកគេច្បាស់ណាស់គឺច្រកសមុទ្រ Bab El Mandeb ដែលជាផ្លូវទឹកយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងនាវាចរណ៍ឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ (Suez Canal)។ ជុំវិញការវាយប្រហារនៅលីបង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araqchi) បានព្រមានថា៖ «ការរំលោភបំពាននៅសមរភូមិណាមួយ គឺជាការរំលោភលើបទឈប់បាញ់នៅគ្រប់សមរភូមិទាំងអស់។ អាមេរិក និងអ៊ីស្រាអែល ត្រូវតែទទួលខុសត្រូវចំពោះផលវិបាកទាំងនេះ»។
គួរបញ្ជាក់ថា សង្គ្រាមដែលបង្កឡើងដោយអាមេរិក និងអ៊ីស្រាអែល តាំងពីចុងខែកុម្ភៈ បានសម្លាប់មនុស្សរាប់ពាន់នាក់ ភាគច្រើននៅអ៊ីរ៉ង់ និងលីបង់។ ជម្លោះនេះក៏បានធ្វើឱ្យសេដ្ឋកិច្ចសកលរងការឈឺចាប់យ៉ាងខ្លាំង តាមរយៈការហក់ឡើងនៃតម្លៃថាមពល បន្ទាប់ពីអ៊ីរ៉ង់បានរាំងខ្ទប់ច្រកសមុទ្រហ័រមូស ដែលជាផ្លូវផ្គត់ផ្គង់ប្រេង និងហ្គាសដ៏សំខាន់។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានសង្កត់ធ្ងន់ថា ក្រុមមន្ត្រី និងអ្នកចរចាអ៊ីរ៉ង់ បានទាមទារយ៉ាងដាច់អហង្ការឱ្យអ៊ីស្រាអែល បញ្ឈប់ប្រតិបត្តិការយោធាដ៏ឃោរឃៅនៅតំបន់ហ្គាហ្សា និងលីបង់ជាបន្ទាន់ ព្រមទាំងត្រូវដកទ័ពចេញពីតំបន់កាន់កាប់នៅលីបង់ទាំងស្រុង បើពុំនោះទេ នឹងមិនមានការចរចាណាមួយកើតឡើងឡើយ រហូតទាល់តែការទាមទារនេះត្រូវបានបំពេញ៕


