ប្រទេសគូវ៉ែតរងការបាញ់ប្រហារ ខណៈអាមេរិក និងអ៊ីរ៉ង់បើកការវាយប្រហារដាក់គ្នាទៅវិញទៅមក (Video inside)
01-06-2026 21:06
(ឌូបៃ)៖ ប្រទេសអ៊ីរ៉ង់បានប្រកាសថា ខ្លួនបានបើកការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសរបស់អាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារលើគោលដៅយោធាអ៊ីរ៉ង់កាលពីចុងសប្តាហ៍។ ស្របពេលជាមួយគ្នានេះ ប្រទេសគូវ៉ែត នាថ្ងៃចន្ទ ក៏បានរាយការណ៍ពីការរងការបាញ់ប្រហារផងដែរ បើទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយ និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៣ខែមកនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ហេតុការណ៍វាយប្រហារថ្មីៗនេះ បានរុញច្រានតម្លៃប្រេងឱ្យហក់ឡើងជាង ៣ភាគរយ ខណៈដែលភាពតានតឹងកាន់តែមានភាពធ្ងន់ធ្ងរឡើង បន្ទាប់ពីអ៊ីស្រាអែលបានបញ្ជាឱ្យកងទ័ពរបស់ខ្លួនរុលចូលជ្រៅទៅក្នុងប្រទេសលីបង់ ដើម្បីវាយប្រហារលើក្រុមហេសបូឡា ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់។ ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែជឿជាក់ថា អ៊ីរ៉ង់ចង់សម្រេចឱ្យបាននូវកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែក្តីសង្ឃឹមនេះត្រូវបានថយចុះវិញ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់បានរិះគន់គោលជំហរចរចារបស់អាមេរិកថា «ផ្លាស់ប្តូរជានិច្ច» និងបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី បានសង្កត់ធ្ងន់នៅលើបណ្តាញសង្គម X ថា «ការរំលោភបំពាននៅសមរភូមិណាមួយ គឺស្មើនឹងការរំលោភបំពានលើបទឈប់បាញ់នៅគ្រប់សមរភូមិទាំងអស់។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវតែទទួលខុសត្រូវចំពោះផលវិបាកនៃរាល់ការរំលោភបំពាននេះ»៕
