បារាំងរឹបអូសនាវាដឹកប្រេងរបស់រុស្ស៊ីដែលជាប់ពាក់ព័ន្ធនឹងមហាសេដ្ឋីអ៊ីរ៉ង់ ខណៈរុស្ស៊ីចាត់ទុកថាជា «អំពើចោរសមុទ្រ» (Video inside)
01-06-2026 20:09
(ប្រេស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសនាថ្ងៃចន្ទថា កងកម្លាំងបារាំងបានចាប់ឃាត់នាវាដឹកប្រេងដែលពាក់ព័ន្ធនឹងរុស្ស៊ីមួយគ្រឿងនៅកណ្ដាលមហាសមុទ្រអាត្លង់ទិក ខណៈដែលវិមានក្រឹមឡាំង បានប្រៀបធៀបទង្វើនៃការបង្ក្រាប «កងនាវាស្រមោល» របស់ទីក្រុងមូស្គូនេះ ថាជា «អំពើចោរសមុទ្រអន្តរជាតិ»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នាវាឈ្មោះ Tagor នេះ ត្រូវបានស្ទាក់ចាប់កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងដែនទឹកអន្តរជាតិ ក្រោមកិច្ចសហការពីចក្រភពអង់គ្លេស និងដៃគូដទៃទៀត បន្ទាប់ពីប្រធានក្រុមដែលជាជនជាតិរុស្ស៊ីបដិសេធមិនព្រមគោរពតាមការណែនាំ។ លោក ម៉ាក្រុង បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពកងកម្លាំងពិសេសចុះពីលើឧទ្ធម្ភាគចក្រទៅលើនាវានោះ ហើយបានសង្កត់ធ្ងន់ថា៖ «វាជារឿងដែលមិនអាចទទួលយកបានឡើយ ដែលនាវាទាំងនេះព្យាយាមគេចវេះពីទណ្ឌកម្មអន្តរជាតិ រំលោភច្បាប់សមុទ្រ និងផ្តល់មូលនិធិដល់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន»។
យោងតាមទិន្នន័យពី Opensanctions.org នាវា Tagor ត្រូវបានសង្ស័យថាដឹកប្រេងរុស្ស៊ី ឬអ៊ីរ៉ង់ ដែលបំពាននឹងទណ្ឌកម្មអន្តរជាតិ ហើយនាវានេះក៏មានទំនាក់ទំនងជាមួយមហាសេដ្ឋីដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ លោក ម៉ូហាំម៉ាត់ ហ៊ូសេន សាមខានី (Mohammad Hossein Shamkhani) ផងដែរ។ អាជ្ញាធរបារាំងបញ្ជាក់ថា នាវានេះបានចេញដំណើរពីទីក្រុង Murmansk របស់រុស្ស៊ី ដោយប្រើប្រាស់ទង់ជាតិក្លែងក្លាយរបស់ប្រទេសកាមេរូន និងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទ្វីបអាហ្វ្រិក ដែលនេះជាល្បិចទម្លាប់របស់កងនាវាស្រមោលក្នុងការផ្លាស់ប្តូរទង់ជាតិ ដើម្បីគេចពីការតាមដាន។
ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានថ្កោលទោសសកម្មភាពនេះយ៉ាងខ្លាំង ដោយចាត់ទុកថាវាជាទង្វើខុសច្បាប់ និងប្រៀបបាននឹងអំពើចោរសមុទ្រ ដោយលោកបានព្រមានថា រុស្ស៊ីនឹងចាត់វិធានការចាំបាច់នានា ដើម្បីធានាសុវត្ថិភាពទំនិញរបស់ខ្លួន។ គួរបញ្ជាក់ថា គិតចាប់តាំងពីខែកញ្ញាមក ប្រទេសបារាំងបានចាប់ឃាត់នាវាចំនួន ៣គ្រឿងរួចមកហើយ ដែលត្រូវបានគេជឿថាជាផ្នែកមួយនៃកងនាវាស្រមោលរបស់រុស្ស៊ី៕
