FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពូទីន រៀបចំវេទិកាសេដ្ឋកិច្ច «Davos របស់រុស្ស៊ី» លើកទី៥ ចំពេលប្រទេសនេះកំពុងជួបវិបត្តិអត់កំណើនសេដ្ឋកិច្ចដោយសារសង្គ្រាម

01-06-2026 19:18

(សាំងពិតធឺស្បឺក)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើជាអធិបតីក្នុងសន្និសីទសេដ្ឋកិច្ចលើកទី៥ ក្នុងសម័យសង្គ្រាម នៅទីក្រុងសាំងពិតធឺស្បឺក (St. Petersburg) ស្របពេលដែលរដ្ឋាភិបាលរបស់លោកកំពុងជួបការលំបាកយ៉ាងខ្លាំង ក្នុងការស្វែងរកយុទ្ធសាស្ត្រជំរុញកំណើនសេដ្ឋកិច្ច បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេដ្ឋកិច្ចរុស្ស៊ីដែលមានទំហំ ៣ទ្រីលានដុល្លារ និងពឹងផ្អែកលើការនាំចេញទំនិញ បានធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹម ១ភាគរយកាលពីឆ្នាំមុន ធៀបនឹង ៤.៩ភាគរយនៅឆ្នាំ២០២៤ ហើយថែមទាំងបានថយចុះ ០.២ភាគរយទៀតនៅត្រីមាសទីមួយឆ្នាំ២០២៦។ ក្រុមមន្ត្រីបានទម្លាក់កំហុសទៅលើការដំឡើងអត្រាការប្រាក់ ទណ្ឌកម្មរបស់លោកខាងលិច និងការវាយប្រហាររបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេង និងកំពង់ផែ ដែលធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពចម្រាញ់ប្រេងរហូតដល់ ១ភាគ៤។ សម្រាប់ឆ្នាំនេះ កំណើនសេដ្ឋកិច្ចរុស្ស៊ីត្រូវបានព្យាករណ៍ថានឹងមានត្រឹមតែ ០.៤ភាគរយប៉ុណ្ណោះ។

ទោះបីជាលោក ពូទីន បានបញ្ជាឱ្យមន្ត្រីរបស់លោកស្វែងរកវិធីស្តារកំណើនសេដ្ឋកិច្ចឡើងវិញក្តី ប៉ុន្តែអ្នកជំនួញជាច្រើនបានលើកឡើងថា ជម្រើសដ៏ល្អបំផុតគឺការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនតែម្តង។ ថ្នាក់ដឹកនាំក្រុមហ៊ុនជាន់ខ្ពស់ម្នាក់បានបង្ហើបថា រាល់ពេលមានដំណឹងវិជ្ជមានពីកិច្ចចរចាសន្តិភាពអ៊ុយក្រែនដែលសម្របសម្រួលដោយអាមេរិក ទីផ្សារភាគហ៊ុនរុស្ស៊ីតែងតែហក់ឡើង ដែលនេះបង្ហាញយ៉ាងច្បាស់ពីអ្វីដែលអ្នកវិនិយោគចង់បាន៕