FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្រ្តីអូស្រ្តាលី៖ ការអភិវឌ្ឍដ្រូនមុជទឹករបស់សម្ព័ន្ធភាព AUKUS នឹងជួយពង្រឹងសន្តិសុខក្នុងតំបន់ (Video inside)

01-06-2026 15:31

(សិង្ហបុរី)៖ កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី
លោក Richard Marles បានឱ្យដឹងថា គម្រោងថ្មីមួយនៃសម្ព័ន្ធភាពត្រីភាគី រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្តាលី ហៅកាត់ (AUKUS) ដើម្បីអភិវឌ្ឍយានដ្រូនធ្វើប្រតិបត្តិការក្រោមផ្ទៃសមុទ្រ នឹងជួយពង្រឹងសន្តិសុខក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ដោយពណ៌នាថាវាជាជំហានដ៏សំខាន់មួយ ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំង ៣ លោក Marles ថាគម្រោងថ្មីនេះបង្ហាញថា AUKUS កំពុងទៅមុខហួសពីដំណាក់កាលផែនការ និងឆ្ពោះទៅរកការផ្តល់សមត្ថភាពយោធាជាក់ស្តែង។

លោករដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី បាននិយាយថា ការកើនឡើងនៃការគំរាមកំហែងចំពោះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្រោមផ្ទៃសមុទ្រ ដូចជាខ្សែបណ្តាញទូរគមនាគមន៍ និងបំពង់បង្ហូរថាមពល គូសរំលេចពីតម្រូវការចាំបាច់ឱ្យមាន​សមត្ថភាពការពារជាតិផ្នែកសមុទ្រសមុទ្រ ដែលរឹងមាំជាងមុន។

លោកបានប្រាប់ CNA នៅខាងក្រៅកិច្ចប្រជុំកំពូលសន្តិសុខអាស៉ី Shangri-La ក្នុងប្រទេសសិង្ហបុរីថា «នេះជាលើកដំបូងហើយ ដែលយើងបានប្តេជ្ញាចិត្ត ចំពោះគម្រោងពិសេសរបស់ប្រទេសយើងទាំង ៣ ដែលមានថវិកា និងកំណត់ពេលវេលាច្បាស់លាស់»។

ក្រោមគម្រោងដែលលោក Marles បានប្រកាសអូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នឹងរួមគ្នាអភិវឌ្ឍគ្រឿងបរិក្ខារ សម្រាប់ផលិតដ្រូនមុជទឹកទំនើបនោះ ខណៈដ្រូនដំបូងនឹងរួចរាល់ ហើយចាប់ផ្តើមការប្រគល់បាន នៅឆ្នាំ២០២៧៕