FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Macron៖ គ្មានអ្វីអាចយកធ្វើជាហេតុផល ដើម្បីបង្កើនជម្លោះនៅភាគខាងត្បូងលីបង់នោះទេ (Video inside)

01-06-2026 09:53

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាគ្មានអ្វីអាចយកមកធ្វើជាហេតុផលដើម្បីបង្កើនជម្លោះ នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសលីបង់នោះទេ ជាទីដែលកងទ័ពអ៉ីស្រាអែលបានបើកប្រតិបត្តិការវាយលុកថ្មីមួយប្រឆាំងនឹងក្រុមហេសបូឡា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X បន្ទាប់ពីបានបើកកិច្ចសន្ទនាជាមួយព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ព្រះចៅស៊ូលតង់ អូម៉ង់ Haitham bin Tariq ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម ព្រះអង្គម្ចាស់ Mohammed bin Zayed និងប្រធានាធិបតីអេហ្ស៉ីប លោក Abdel Fattah al-Sisi លោកប្រធានាធីបតីបារាំងបានសង្កត់ធ្ងន់ថាវាពិតជាចាំបាច់ខ្លាំងណាស់ដើម្បីឱ្យកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ឱ្យបានឆាប់រវាងសហហរដ្ឋអាមេរិក និងអ៉ីរ៉ង់។

លោក Macron បន្ថែមថាបារាំងនឹងបន្តគាំទ្រដល់អាជ្ញាធរលីបង់ក្នុងកិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីស្ដារឡើងវិញនូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់លីបង់ ហើយបទឈប់បាញ់ ត្រូវតែជាអាទិភាពមួយរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ព្រមទាំងបានអំពាវនាវឱ្យមានការបើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ និងស្របទៅតាមច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា បើតាមលោក Macron បារាំងក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរក្នុងការដើរតួនាទីយ៉ាងពេញលេញ ក្នុងការជួយស្ដារការធ្វើចរាចរដែនសមុទ្រឡើងវិញ តាមរយៈបេសកកម្មពហុជាតិសាសន៍ដោយឯករាជ្យដែលត្រូវបានបង្កើតឡើងជាមួយចក្រភពអង់គ្លេស។ ម្យ៉ាងវិញទៀត តបតាមសំណើរបស់បារាំង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បន្ទាប់ពីកងទ័ពអ៉ីស្រាអែលប្រកាសពីការពង្រីកប្រតិបត្តិការវាយលុករបស់ខ្លួននៅលីបង់ និងបានដណ្ដើមកាន់កាប់តំបន់ប្រាសាទ Beaufort នៅភាគខាងត្បូងលីបង់៕