ប្រមុខ WHO អបអរអ្នកជាសះស្បើយពីជំងឺអេបូឡា ៥នាក់ ខណៈមណ្ឌលព្យាបាលថ្មីត្រូវបានបើកនៅកុងហ្គោ (Video inside)
31-05-2026 20:46
(ប៊ូនីយ៉ា)៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស (Tedros Adhanom Ghebreyesus) នៅថ្ងៃអាទិត្យ បានប្រកាសពីការជាសះស្បើយរបស់អ្នកជំងឺ អេបូឡាប្រភេទកម្រចំនួន ៥នាក់ ក្នុងអំឡុងពេលដែលលោកអញ្ជើញសម្ពោធមណ្ឌលព្យាបាលថ្មី ក្នុងទីក្រុងប៊ូនីយ៉ា (Bunia) ភាគខាងកើតប្រទេសកុងហ្គោ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ថេដ្រូស បានបញ្ជាក់ថា ទោះបីជាវីរុសអេបូឡាប្រភេទ Bundibugyo នេះ មិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលផ្លូវការក៏ដោយ ប៉ុន្តែអ្នកជំងឺនៅតែអាចជាសះស្បើយបាន ប្រសិនបើពួកគេមកទទួលការព្យាបាលទាន់ពេលវេលា។ បច្ចុប្បន្ន ជំងឺនេះមានករណីសង្ស័យឆ្លងជាង ៩០០ករណី និងសង្ស័យស្លាប់ ២២៣នាក់ ខណៈដែលប្រទេសជិតខាងអ៊ូហ្គង់ដា (Uganda) ក៏មានអ្នកឆ្លង ៩នាក់ និងស្លាប់ម្នាក់ផងដែរ។
កិច្ចប្រឹងប្រែងទប់ស្កាត់ជំងឺរាតត្បាតនេះ កំពុងជួបឧបសគ្គយ៉ាងធ្ងន់ធ្ងរ ដោយសារការរអាក់រអួលពីសំណាក់ប្រជាជន ដែលខឹងសម្បារនឹងបំរាមមិនឱ្យធ្វើពិធីបុណ្យសពតាមប្រពៃណី ព្រមទាំងការគំរាមកំហែងពីក្រុមឧទ្ទាមប្រដាប់អាវុធនៅតំបន់នោះ។ ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យកុងហ្គោនៅតែបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការព្យាបាលតាមរោគសញ្ញានាពេលបច្ចុប្បន្ន មានប្រសិទ្ធភាពជួយសង្គ្រោះជីវិតអ្នកជំងឺ ហើយពួកគេជឿជាក់ថានឹងអាចគ្រប់គ្រងការផ្ទុះឡើងនេះបានក្នុងពេលឆាប់ៗ៕
