FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ព័ន្ធភាពត្រីភាគីអាមេរិក-អង់គ្លេស-អូស្រ្តាលី ប្រកាសពីកម្មវិធីអភិវឌ្ឍដ្រូនមុជទឹក (Video inside)

31-05-2026 14:52

(សិង្ហបុរី)៖ កាលពីថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បានឱ្យដឹងថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី កំពុងធ្វើការជាមួយគ្នាដើម្បីអភិវឌ្ឍយានដ្រូនមុជក្រោមទឹក ឬ UUV ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងការពារជាតិត្រីភាគី AUKUS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងសេចក្តីថ្លែងការណ៍រួម AUKUS បាននិយាយថា ការប្រគល់ដ្រូនខាងលើ នឹងចាប់ផ្តើមនៅឆ្នាំ២០២៧ ខណៈកម្មវិធីនេះដែលស្ថិតក្រោមផែនការហៅថា សសរទី២ ឬ Pillar Two របស់សម្ព័ន្ធភាព AUKUS ដែលផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាការពារជាតិទំនើបៗ ដូចជាបច្ចេកវិទ្យាវិទ្យាសាស្រ្តកុំព្យូទ័រ quantum computing, បច្ចេកវិទ្យាអាវុធល្បឿនលឿនជាងសំឡេង, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI, បច្ចេកវិទ្យាសាយប័រ ព្រមទាំងបច្ចេកវិទ្យាក្រោមទឹក នឹងជួយធ្វើឱ្យប្រសើរឡើងនូវ​សមត្ថភាពរបស់ប្រទេសទាំង៣ ក្នុងការឈ្លបការណ៍និងវាយប្រហារ ហើយពង្រឹងឧត្តមភាពក្នុងការប្រឆាំងនាវាមុជទឹកនិងនាវាចម្បាំង ទប់ទល់មីនផ្ទៃទឹក ក៏ដូចជាក្នុងសង្រ្គាមអេឡិចត្រូនិក និងក្នុងសមរភូមិក្បែរតំបន់មាត់សមុទ្រ។

គួរបញ្ជាក់ថា បង្កើតឡើងដំបូងដោយប្រទេសទាំង៣កាលពីឆ្នាំ២០២១ សម្ព័ន្ធភាព AUKUS គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរួមរបស់អាមេរិក អង់គ្លេស និងអូស្រ្តាលី ក្នុងការទប់ទល់ការកើនឡើងនៃអំណាចរបស់ចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ខណៈទីក្រុងប៉េកាំងបានលើកឡើងថា សម្ព័ន្ធភាពត្រីភាគីនេះ គឺគ្រោះថ្នាក់ ហើយបានព្រមានថា វាអាចនាំឱ្យមានការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់៕