FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាការងារជាមួយ លោក Vucic ប្រធានាធិបតីស៊ែប៊ី

27-05-2026 21:02

(ប៉េកាំង)៖ នារសៀលថ្ងៃទី ២៥ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Vucic ប្រធានាធិបតីស៊ែប៊ីដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។

លោក Xi Jinping បានថ្លែងថា ប្រទេសទាំងពីរគួរតែពង្រឹងការតភ្ជាប់គ្នាខាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ បន្តជំរុញ កិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធគមនាគម៍ និងថាមពលជាដើម។ ប្រទេសទាំងពីរ គួរតែបន្តពង្រឹង ការផ្លាស់ប្តូរយុវជន និងវប្បធម៌ បន្តវេន និងផ្សព្វផ្សាយមិត្តភាពប្រពៃណីរវាងប្រជាជនចិន និងស៊ែប៊ី។នាពេលបច្ចុប្បន្ន ស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញ និងរង្គោះរង្គើ ប្រទេសចិន និងស៊ែប៊ីគួរបន្តពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីជំរុញការកសាង សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។

ជាការឆ្លើយតប​​ លោក Vucic បានថ្លែងអរគុណចំពោះក្រុមហ៊ុនចិន ដែលបានរួមចំណែកដ៏សំខាន់ក្នុងកិច្ចកសាងជាតិ របស់ប្រទេសស៊ែប៊ី។ ប្រទេសស៊ែប៊ីយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ហើយនឹងគាំទ្រដោយមិនងាករេ ចំពោះផលប្រយោជន៍ស្នូលរបស់ប្រទេសចិន។ ប្រទេសស៊ែប៊ីគាំទ្រគំនិតផ្តួចផ្តើមសកលសំខាន់ៗ ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ហើយរីករាយបន្តពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ជាមួយប្រទេសចិន ដើម្បីគាំពារសន្តិភាព និងសច្ចយុត្តិធម៌អន្តរជាតិ។

បន្ទាប់ពីបញ្ជាប់កិច្ចជំនួប ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានអញ្ជើញជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាង ២០ ដែលពាក់ព័ន្ធនឹងវិស័យនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អប់រំ តុលាការ និងវប្បធម៌ជាដើម។
ភាគីទាំងពីរបានចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋស៊ែប៊ី ស្តីពីការបន្តជំរុញការកសាង សហគមន៍ជោគវាសនារួមរវាងចិន-ស៊ែប៊ី ក្នុងយុគសម័យថ្មី» និង «សេចក្តីថ្លែងការណ៍រួមរវាង សាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋស៊ែប៊ី ស្តីពីការជំរុញការអនុវត្តគំនិតផ្តួចផ្តើមសកលទាំងបួន»៕

វិទ្យុមិត្តភាពកម្ពុជាចិន