FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាជាមួយលោក Shahbaz នាយករដ្ឋមន្ត្រីប៉ាគីស្ថាន

27-05-2026 20:17

(ប៉េកាំង)៖ ថ្ងៃទី ២៥ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ជាមួយលោក Shahbaz នាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន នៅទីក្រុងប៉េកាំង។

លោក Xi Jinping បានថ្លែងថា ក្នុងរយៈពេល ៧៥ ឆ្នាំចាប់តាំងពីចិននិងប៉ាគីស្ថានបានបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរបានបង្កើតចំណងមិត្តភាពប្រពៃណីដ៏រឹងមាំដែលមិនអាចបំបែកបាន ហើយទំនុកចិត្តជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរបានជំរុញការអភិវឌ្ឍជាតិរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព។

ភាគីទាំងពីរគួរតែពន្លឿនការកសាងសហគមន៍រួមវាសនាចិន-ប៉ាគីស្ថាន ឱ្យកាន់តែជិតស្និទ្ធក្នុងយុគសម័យថ្មី ធ្វើឱ្យកិច្ចសហប្រតិបត្តិការ គ្រប់រដូវកាលទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែច្រើន ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើន ជូនដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាធ្វើជាគំរូសម្រាប់ការកសាង សហគមន៍រួមវាសនានៃតំបន់ជុំវិញ។

ជាការឆ្លើយតប លោក Shahbaz បានថ្លែងថា លោក Xi Jinping គឺជាមិត្តដ៏អស្ចារ្យរបស់ប្រជាជនប៉ាគីស្ថាន និងជាមិត្តដ៏អស្ចារ្យរបស់ប្រជាជនគ្រប់រូបដែលស្រឡាញ់សន្តិភាពទាំងអស់នៅលើពិភពលោក។ ក្រោមការដឹកនាំដ៏មុតមាំរបស់លោក Xi Jinping សេដ្ឋកិច្ចចិនទទួលបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលផ្តល់នូវការធានាដ៏រឹងមាំសម្រាប់ ការរក្សាសន្តិភាពពិភពលោក និងការកសាងពិភពលោកពហុប៉ូល។ ប្រទេសប៉ាគីស្ថានប្រកាន់ខ្ជាប់យ៉ាងមុតមាំ នូវគោលការណ៍ចិនមួយ គាំទ្រយ៉ាងមុតមាំចំពោះគោលជំហររបស់ប្រទេសចិន លើបញ្ហាទាំងអស់ដែលពាក់ព័ន្ធនឹង ផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ព្រមនិងធ្វើជាមិត្តល្អ និងដៃគូល្អរបស់ប្រទេសចិនជានិច្ច៕

វិទ្យុមិត្តភាពកម្ពុជាចិន