មូលនិធិក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ មកទល់ពេលនេះនៅតែទទេស្អាត ទោះមានការសន្យាថវិការាប់ពាន់លានដុល្លារ (Video inside)
27-05-2026 17:59
(ឡុងដ៍)៖ នាថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានអង់គ្លេស Financial Times បានរាយការណ៍ថា ក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកទល់ពេលនេះ គឺគ្មានថវិកាសូម្បីតែមួយសេន នៅក្នុងកញ្ចប់មូលនិធិផ្លូវការរបស់ខ្លួន ទោះបីជាកន្លងមកសមាជិកមួយចំនួន បានសន្យាផ្តល់ប្រាក់រាប់ពាន់លានដុល្លារក៏ដោយ។
លោក ត្រាំ បានផ្តួចផ្តើមក្រុមប្រឹក្សានេះឡើង ដំបូងឡើយគឺក្នុងគោលដៅកសាងតំបន់ហ្កាហ្សាឡើងវិញ ជាទីដែលអ៉ីស្រាអែល និងក្រុមហាម៉ាសបានព្រមព្រៀងគ្នាឈប់បាញ់ ក្រោមការសម្របសម្រួលរបស់អាមេរិក កាលពីខែតុលា ឆ្នាំ២០២៥ ដើម្បីផ្អាកសង្រ្គាមដ៏ហិនហោច ដែលបានប្រព្រឹត្តទៅ២ឆ្នាំ។ ប៉ុន្តែក្រោយមក លោកបានអញ្ជើញប្រទេសផ្សេងទៀតជាច្រើន ដែលមិនសូវជាប់ពាក់ព័ន្ធក្នុងការទូតនៅតំបន់មជ្ឈិមបូព៌ាឱ្យចូលរួមដែរ ហើយពង្រីកគោលដៅទៅដល់រួមមានការជួយដោះស្រាយជម្លោះ ជុំវិញពិភពលោក។
ផ្អែកលើប្រភពចំនួន៤ សារព័ត៌មាន Financial Times បាននិយាយថា ចាប់តាំងពីបង្កើតឡើងកាលពីខែមករា ឆ្នាំ២០២៦នេះ មូលនិធិរបស់ក្រុមប្រឹក្សាសន្តិភាព ដែលចាត់ចែងដោយធនាគារពិភពលោក និងគាំទ្រដោយអង្គការសហប្រជាជាតិ (UN) មិនទាន់ទទួលបានប្រាក់សូម្បីតែមួយសេននៅឡើយទេពីអ្នកបរិច្ចាគទាំងឡាយ។ ផ្ទុយទៅវិញ ក្រុមប្រឹក្សាបែរទទួលបានថវិកាបរិច្ចាគមួយចំនួន ដែលចូលផ្ទាល់ទៅក្នុងគណនីដាច់ដោយឡែកមួយរបស់ធនាគារ JPMorgan ដែលមានការត្រួតពិនិត្យនិងតម្លាភាពពុំសូវតឹងរ៉ឹង។
ក្រុមប្រឹក្សាសន្តិភាព គឺស្ថិតក្រោមការដឹកនាំរបស់លោក ត្រាំ ផ្ទាល់ ខណៈលោកជាអ្នកមានសិទ្ធិសម្រេចចុងក្រោយ ហើយអាចបន្តនៅគ្រប់គ្រងក្រុមប្រឹក្សានេះ បើទោះបីជាក្រោយពេលផុតអាណត្តិជាប្រធានាធិបតីក៏ដោយ។ លោក ត្រាំ ធ្លាប់បានអះអាងថា សហរដ្ឋអាមេរិក នឹងចូលរួមថវិកា ១០ពាន់លានដុល្លារក្នុងមូលនិធិក្រុមប្រឹក្សាសន្តិភាព ខណៈអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតា ម្ខាក់ៗបានសន្យាចូលរួមយ៉ាងហោច ១ពាន់លានដុល្លារ។ យោងតាមធម្មនុញ្ញរបស់ក្រុមប្រឹក្សា សមាជិកដែលចង់បានកៅអីអចិន្រ្តៃយ៍ ត្រូវបង់ប្រាក់ចំនួន១ពាន់លានដុល្លារ ខណៈសមាជិកភាពធម្មតា មានសុពលភាព៣ឆ្នាំ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍វាយតម្លៃរួមគ្នារវាងសហភាពអឺរ៉ុបនិង UN ចេញផ្សាយកាលពីខែមេសា ថវិកាសរុបរហូតដល់ជាង៧១ពាន់លានដុល្លារ គឺនឹងចាំបាច់សម្រាប់រយៈពេលមួយទសវត្សរ៍ខាងមុខ ដើម្បីស្ថាបនាតំបន់ហ្កាហ្សា ដែលបានទទួលរងការបំផ្លិចបំផ្លាញយ៉ាងហិនហោច ដោយសារសង្រ្គាម។ ទោះមានបទឈប់បាញ់តាំងពីខែតុលាក៏ដោយក្តី ហ្កាហ្សានៅតែមើលឃើញអំពើហិង្សាសឹងរាល់ថ្ងៃ ស្របពេលដែលការវាយប្រហាររបស់អ៉ីស្រាអែលនៅតែបន្ត ហើយយោធាអ៉ីស្រាអែល និងក្រុមហាម៉ាស បានចោទគ្នាទៅវិញទៅមកអំពីការបំពានបទឈប់បាញ់៕


