អគ្គលេខាធិការ UN បង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះផែនការវាយប្រហារទីក្រុងកៀវ របស់រុស្ស៊ី (Video inside)
26-05-2026 23:12
(ញូវយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) នៅថ្ងៃអង្គារ បានបង្ហាញ «ក្តីបារម្ភយ៉ាងខ្លាំង» ចំពោះសេចក្តីប្រកាសរបស់ប្រទេសរុស្ស៊ី ដែលគ្រោងនឹងបើកការវាយប្រហារទៅលើសហគ្រាសការពារជាតិ និងមជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្តនានា នៅក្នុងរដ្ឋធានីកៀវរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការព្រមានរបស់ទីក្រុងមូស្គូនេះ ធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបានទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរបំផុតមកលើរដ្ឋធានីកៀវ។ ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុអង្គការសហប្រជាជាតិ លោក ហ្គូតឺរ៉េស បានកត់សម្គាល់ថា ការប្រកាសផែនការវាយប្រហាររបស់រុស្ស៊ីនៅពេលនេះ កើតឡើងក្រោយមានសេចក្តីរាយការណ៍ថា អ៊ុយក្រែនបានប្រើប្រាស់យន្តហោះដ្រូនវាយប្រហារលើអគារមហាវិទ្យាល័យ និងអន្តេវាសិកដ្ឋានមួយ នៅក្នុងទីក្រុងស្តារ៉ូប៊ីលស៍ ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដោយរុស្ស៊ី។
លោកអគ្គលេខាធិការរូបនេះបានសង្កត់ធ្ងន់ថា «យើងបានថ្កោលទោសការវាយប្រហារលើសាលារៀននោះ ដូចដែលយើងតែងតែថ្កោលទោសរាល់ការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅគ្រប់ទីកន្លែង។ នៅពេលនេះ វាជារឿងចាំបាច់បំផុតដែលត្រូវបញ្ចៀសការកើនឡើងកម្តៅនៃជម្លោះ ដែលកំពុងតែបំផ្លិចបំផ្លាញអាយុជីវិតជនស៊ីវិល និងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពកាន់តែឃ្លាតឆ្ងាយ»៕
