បេឡារុស្សរកឃើញការឈ្លានពានដែនអាកាសពីដ្រូនអ៊ុយក្រែនជាង ១០០លើក ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយ (Video inside)
26-05-2026 22:24
(មីនស្ក៍)៖ មន្ត្រីសន្តិសុខជាន់ខ្ពស់បេឡារុស្ស នៅថ្ងៃអង្គារ បានអះអាងថា កងកម្លាំងសន្តិសុខរបស់ខ្លួនបានរកឃើញការព្យាយាមហោះឆ្លងកាត់ចូលដែនអាកាសបេឡារុស្សដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន ចំនួនជាង ១០០លើក ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។
ថ្លែងនៅក្នុងកិច្ចប្រជុំនៃអង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO) នៅទីក្រុងមូស្គូ លេខាធិការក្រុមប្រឹក្សាសន្តិសុខរដ្ឋបេឡារុស្ស លោក អាឡិចសាន់ឌឺ វ៉ុលហ្វូវីច (Alexander Volfovich) បានបញ្ជាក់ថា អាជ្ញាធរបានកត់ត្រាការប៉ុនប៉ងហោះចូលចំនួន ១១៦លើក ដោយក្នុងនោះកងកម្លាំងបេឡារុស្សបានចាត់វិធានការស្ទាក់ចាប់ដ្រូនទាំងនោះបានចំនួន ៥៩លើក។
លោក វ៉ុលហ្វូវីច បានសង្កត់ធ្ងន់ថា ស្ថានភាពសន្តិសុខនៅតាមបណ្តោយព្រំដែន CSTO កំពុងមានភាពតានតឹងកាន់តែខ្លាំង ដោយលោកបានចោទប្រកាន់ថា ដ្រូនមួយចំនួនមានគោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងទីតាំងព្រំដែនផងដែរ។ លោកបានបន្ថែមថា ករណីភាគច្រើនហាក់ដូចជាមានការរៀបចំទុកជាមុន ជាជាងការហោះហើរខុសគោលដៅដោយចៃដន្យ។
បន្ថែមពីនេះ មន្ត្រីសន្តិសុខរូបនេះក៏បានរំលឹកផងដែរថា សមយុទ្ធយោធារួមគ្នាថ្មីៗនេះនៃកងកម្លាំងដែលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ គឺជាការបង្ហាញយ៉ាងច្បាស់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ប្រទេសបេឡារុស្ស ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន៕
