រថភ្លើងបុកឡានដឹកសិស្សសាលានៅបែលហ្ស៊ិក សម្លាប់មនុស្ស ៤នាក់ និងកុមារ ៥នាក់រងរបួស
26-05-2026 19:51
(ប៊ូហ្គេនហោត)៖ អាជ្ញាធរបែលហ្ស៊ិកបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅភាគខាងជើងប្រទេស ដោយរថភ្លើងមួយគ្រឿងបានបុកជាមួយនឹងរថយន្តម៉ីនីបឺស (minibus) ដឹកសិស្សសាលា បណ្តាលឱ្យមនុស្សចំនួន ៤នាក់ស្លាប់ (ក្នុងនោះមានកុមារ២នាក់) និងសិស្សសាលាចំនួន ៥នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ហេតុការណ៍នេះបានកើតឡើងនៅឯផ្លូវកាត់ផ្លូវដែកមួយកន្លែងក្នុងក្រុងប៊ូហ្គេនហោត (Buggenhout) ដែលស្ថិតនៅចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ភាគពាយ័ព្យនៃរដ្ឋធានីព្រុចសែល។ អ្នកនាំពាក្យទីភ្នាក់ងារផ្លូវដែកបែលហ្ស៊ិក Infrabel បានបញ្ជាក់ថា រថភ្លើងដែលកំពុងធ្វើដំណើរក្នុងល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង បានបុកនិងប៉ើងរថយន្តម៉ីនីបឺសនោះប្រមាណ ១៥ម៉ែត្រ ទៅទង្គិចនឹងបង្គោលដែក។ លោកបានបន្ថែមថា យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាព របាំងកាត់ផ្លូវដែកត្រូវបានបិទ និងមានភ្លើងក្រហមលោតព្រមានរួចទៅហើយនៅពេលកើតហេតុ ខណៈការស៊ើបអង្កេតកំពុងបន្តដើម្បីរកមូលហេតុពិតប្រាកដ។
ជុំវិញសោកនាដកម្មនេះ នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក បាត ដឺ វីវើ (Bart De Wever) បានសម្តែងក្តីរន្ធត់យ៉ាងខ្លាំង និងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារជនរងគ្រោះ តាមរយៈបណ្តាញសង្គម៕

