FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនថាកិច្ចសហប្រតិបត្តិការក្រុមប្រទេស Quad មិនគួរមានគោលដៅប្រឆាំងភាគីទី៣ (Video inside)

26-05-2026 17:56

(ប៉េកាំង)៖ នាថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ចិនបានគូសបញ្ជាក់ជាថ្មីនូវគោលជំហររបស់ខ្លួន ជុំវិញសម្ព័ន្ធភាពរវាងអូស្រ្តាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមរិក ឬហៅថា Quad ដោយទីក្រុងប៉េកាំងបាននិយាយថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៤ គួរតែចូលរួមចំណែកចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ហើយមិនគួរមានគោលដៅប្រឆាំងភាគីទី៣ ណាមួយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នាថ្ងៃអង្គារនេះ ក្រុមរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ឥណ្ឌា ជប៉ុន និងអាមេរិក បានជួបប្រជុំគ្នានៅប្រទេសឥណ្ឌា ហើយបានប្រកាសពី​គំនិតផ្តួចផ្តើមថ្មីមួយ ស្តីពីការឃ្លាំមើលដែនសមុទ្រនៅឥណ្ឌូ-ប៉ាស៉ីហ្វិក ដើម្បីរួមបញ្ចូលសមត្ថភាពឃ្លាំមើលរបស់ប្រទេសទាំង៤ និង​ពង្រឹងការចែករំលែកព័ត៌មានទាន់ពេលភ្លាមៗ​ នៅទូទាំងតំបន់។ លើសពីនេះ ក្រុមរដ្ឋមន្រ្តីការបរទេស Quad បានឯកភាព​រួមគ្នាសាងសង់កំពង់ផែមួយ នៅប្រទេសទីប្រជុំកោះ Fiji ព្រមទាំងចុះកិច្ចព្រមព្រៀងពាក់ព័ន្ធធនធានរ៉ែកម្រ និងសន្តិសុខថាមពល។

នៅពេលត្រូវបានសាកសួរអំពីកិច្ចប្រជុំ Quad ខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ទីក្រុងប៉េកាំងមិនគាំទ្រទេ ចំពោះការបង្កើតបក្ខពួកផ្តាច់មុខ ឬមួយក៏ប្លុកប្រឈមមុខគ្នា។ លោកស្រីបានសង្កត់ធ្ងន់ថា មិនគួរមានកិច្ចសហប្រតិបត្តិការណាមួយ ដែលជះផលប៉ះពាល់អាក្រក់ចំពោះភាពជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ឡើយ។

សម្ព័ន្ធភាព Quad ត្រូវបានប្រទេសទាំង៤ខាងលើអះអាងថា ជាភាពជាដៃគូយុទ្ធសាស្រ្តសំខាន់មួយ សម្រាប់កិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខដែនសមុទ្រ ខ្សែចង្វាក់ផ្គត់ផ្គង់ និងយុទ្ធសាស្រ្តក្នុងតំបន់ ស្របពេលដែលចិនពង្រីកឥទ្ធិពលយោធានិងសេដ្ឋកិច្ច នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ សមាជិក Quad ធ្លាប់ចោទប្រកាន់ចិនអំពីការដំឡើងសាច់ដុំយោធា នៅសមុទ្រចិនខាងត្បូង និងការទាមទារសិទ្ធិគ្រប់គ្រងដែនសមុទ្រ​យ៉ាងវាតទី។ យ៉ាងណាមិញ ទីក្រុងប៉េកាំងបានអះអាងថា ការពង្រឹងសមត្ថភាពយោធារបស់ខ្លួន មានគោលដៅតែមួយគត់ នោះគឺ​ដើម្បីការពារនូវអ្វីដែលខ្លួនចាត់ទុកជាសិទ្ធិអធិបតេយ្យរបស់ចិន ហើយចោទទៅវិញថា ការបង្កើតក្រុម Quad នេះឡើង គឺជាការប៉ុនប៉ងចង់រាំងខ្ទប់ភាពរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសចិន៕