មេដឹកនាំកំពូលអ៉ីរ៉ង់ ថាតំបន់មជ្ឈិមបូព៌ានឹងលែងបម្រើជាខែលការពារ សម្រាប់មូលដ្ឋានទ័ពអាមេរិកទៀតហើយ (Video inside)
26-05-2026 16:52
(តេហេរ៉ង់)៖ ក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ចេញផ្សាយដោយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Mojtaba Khamenei បាននិយាយនៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ថា បណ្តាប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា នឹងលែងបម្រើជាខែលការពារសម្រាប់មូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងសារនាឱកាសបុណ្យអ៉ីស្លាម Eid al-Adha លោក Khamenei ដែលមិនធ្លាប់បង្ហាញវត្តមានជាសាធារណៈឡើយ គិតចាប់តាំងពីលោកឡើងកាន់អំណាច កាលពីខែមីនា បាននិយាយដូច្នេះថា «អ្វីដែលច្បាស់នៅក្នុងរឿងនេះ គឺទ្រនិចពេលវេលានឹងមិនវិលត្រឡប់ក្រោយទេ ហើយប្រទេសនិងទឹកដីក្នុងតំបន់នេះ នឹងលែងបម្រើជាខែលការពារទៀតហើយសម្រាប់មូលដ្ឋានទ័ពអាមេរិក»។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងបាត់បង់ឥទ្ធិពលក្នុងតំបន់ ដោយពីមួយថ្ងៃទៅមួយថ្ងៃ គឺឃ្លាតកាន់តែឆ្ងាយទៅៗពីឋានៈចាស់របស់ខ្លួន។
ការអត្ថាធិប្បាយដូចខាងលើរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ ធ្វើឡើងស្របពេលដែលទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៉ីនតោន បន្តដោះដូរសំណើនិងការទាមទារទៅវិញទៅមក ក្នុងគោលដៅដើម្បីឈានឱ្យដល់កិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាផ្លូវការ បន្ទាប់ពីវាផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយរាលដាលទូទាំងតំបន់មជ្ឈិមបូព៌ា។ បទឈប់បាញ់មួយបានចូលជាធរមាន តាំងពីថ្ងៃទី៨ ខែមេសា។
កាលពីថ្ងៃចន្ទ ក្រសួងការបរទេសអ៉ីរ៉ង់ បាននិយាយថា អ៉ីរ៉ង់និងអាមេរិកបានឈានដល់ការឯកភាពលើបញ្ហាជាច្រើន ក្នុងកិច្ចប្រឹងប្រែងសំដៅបញ្ចប់សង្រ្គាម ប៉ុន្តែបានព្រមានថា កិច្ចព្រមព្រៀងចុងក្រោយមួយ នឹងមិនទាន់អាចឈានដល់ក្នុងពេលឆាប់ៗនោះទេ។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) បានអះអាងពីការបាញ់ទម្លាក់ដ្រូនអាមេរិក១គ្រឿង ហើយខ្លួនបានបាញ់សំដៅទៅយន្តហោះដទៃទៀត ដែលប៉ុនប៉ងចូលក្នុងដែនអាកាសរបស់ប្រទេសអ៉ីរ៉ង់ ប៉ុន្តែមិនបានប្រាប់ច្បាស់ថា ឧប្បត្តិហេតុទាំងនោះ បានកើតឡើងនៅពេលណាទេ។ យ៉ាងណាមិញ ការប្រកាសឱ្យដឹងរបស់ IRGC គឺបន្ទាប់ពីយោធាអាមេរិក បានប្រកាសថា ខ្លួនបានបើកការវាយប្រហារថ្មីមួយ លើទីតាំងបាញ់មីស៉ីលស្ថិតនៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់ រួមទាំងទូកអ៉ីរ៉ង់ ដែលព្យាយាមដាក់ពង្រាយគ្រាប់មីន កាលពីថ្ងៃចន្ទ៕


