សហភាពអឺរ៉ុបគ្រោងលើកលែងទណ្ឌកម្មបណ្ដោះអាសន្នលើក្រុមហ៊ុនបន្ទះឈីបចិន ក្រោយរងសម្ពាធពីក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (Video inside)
21-05-2026 19:58
(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នឹងស្នើឱ្យមានការលើកលែងទណ្ឌកម្មជាបណ្ដោះអាសន្នលើក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប (Semiconductor) របស់ចិនមួយកន្លែង យ៉ាងហោចណាស់នៅសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters យោងតាមសារព័ត៌មាន Bloomberg News នៅថ្ងៃព្រហស្បតិ៍នេះ។
កាលពីខែមុន EU បានអនុម័តជាផ្លូវការនូវកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលក្នុងនោះមានការដាក់បញ្ចូលឈ្មោះក្រុមហ៊ុនចិនមួយចំនួនទៅក្នុងបញ្ជីខ្មៅ ដែលសកម្មភាពនេះត្រូវបានក្រសួងពាណិជ្ជកម្មចិនបង្ហាញការជំទាស់យ៉ាងខ្លាំង។ ក្រុមហ៊ុនបន្ទះឈីបចិនដែលត្រៀមទទួលបានការលើកលែងទណ្ឌកម្មបណ្ដោះអាសន្ននេះ ក៏ស្ថិតនៅក្នុងបញ្ជីរឹតត្បិតខាងលើនោះផងដែរ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ ក្រុមក្រុមហ៊ុនផលិតរថយន្តធំៗនៅអឺរ៉ុប បានព្យាយាមបញ្ចុះបញ្ចូល និងដាក់សម្ពាធលើសហភាពអឺរ៉ុប ឱ្យពន្យារពេលការហាមឃាត់ចំពោះក្រុមហ៊ុនចិនមួយនេះ ដោយលើកឡើងថា ពួកគេមិនទាន់មានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកប្រភពផ្គត់ផ្គង់ថ្មីដើម្បីធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួនជំនួសនោះទេ ហើយការដាក់ទណ្ឌកម្មភ្លាមៗ នឹងធ្វើឱ្យស្តុកគ្រឿងបន្លាស់សម្រាប់ផលិតរថយន្តត្រូវខ្វះខាត និងរីងស្ងួតក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ៕

