បទវិភាគ៖ ទំនាក់ទំនងរវាងចិននិងរុស្ស៊ីបំពេញបន្ថែមនូវកម្លាំងឋិតថេរគន្លឹះ សម្រាប់បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១រយឆ្នាំ
21-05-2026 17:53
(ប៉េកាំង)៖ ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងរុស្ស៊ី បានរួមគ្នាចុះហត្ថលេខានិងចេញសេចក្តីថ្លែងការណ៍រួម ហើយបានយល់ព្រមជាឯកច្ឆន្ទថា នឹងបន្តពន្យារពេលអនុវត្ត «សនិ្ធសញ្ញាកិច្ចសហប្រតិបតិ្តការមិត្តភាព និងសុខដុមនីយកម្មជាមួយប្រទេសជិតខាងរវាងចិននិងរុស្ស៊ី»ព្រមទាំងរួមគ្នាធ្វើជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ២០ ។ល។ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែឧសភា លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនដែលទទួលបាននូវសមិទ្ធផលផ្លែផ្កា ។ ក្នុងនាមជាគំរូនៃទំនាក់ទំនងរវាងប្រទេសធំបែបថ្មី ទំនាក់ទំនងចិន-រុស្ស៊ីបានក្លាយជាកម្លាំងឋិតថេរគន្លឹះសម្រាប់បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំ ។
បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំមានសភាពកាន់តែខ្លាំងឡើងៗនិងស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញនិងប្រែប្រួលខ្លាំង ។ នៅក្នុងពិភពលោកដែលមានភាពរង្គោះរង្គើខ្លាំង ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសធំដែលមានទំនួលខុសត្រូវ ឈរនៅចំណុចចាប់ផ្តើមថ្មី តើចិននិងរុស្ស៊ីនឹងជំរុញទំនាក់ទំនងទ្វេភាគីតាមរបៀបណា?
"ភាគីទាំងពីរត្រូវពង្រឹងការកសាងទំនុកចិត្តគ្នា ខាងនយោបាយទៅវិញទៅមក ដែលប្រកបដោយគុណភាពកាន់តែខ្ពស់និងពង្រឹងយ៉ាងមុតមាំនូវការគាំទ្រជាយុទ្ធសាស្ត្ររវាងគ្នានិងគ្នា" "ត្រូវផ្តល់កម្លាំងចលករដល់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកដែលប្រកបដោយគុណភាពកាន់តែខ្ពស់ ដើម្បីពួតដៃគ្នាជំរុញការស្តារនិងអភិវឌ្ឍរៀងៗខ្លួន" "ត្រូវជំរុញការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន ដែលប្រកបដោយគុណភាពកាន់តែខ្ពស់និងបង្កើតមូលដ្ឋានគ្រឹះនៃក្តីបំណងរបស់ប្រជាជនឱ្យបានរឹងមាំ ដើម្បីរឹតចំណងមេត្រីភាពឱ្យបន្តទៅគ្រប់ជំនាន់" "ត្រូវពង្រីកកិច្ចសហការអន្តរជាតិដែលប្រកបដោយគុណភាពកាន់តែខ្ពស់និងធ្វើឱ្យអភិបាលកិច្ចសកល មានសុក្រឹតភាពតាមរយៈកំណែទម្រង់" អនុសាសន៍ណែនាំដ៏សំខាន់របស់លោក Xi Jinping ប្រធានរដ្ឋចិនទាំងនេះ បានចង្អុលបង្ហាញទិសដៅនៃការអភិវឌ្ឍថ្មីនៃទំនាក់ទំនងរវាងចិននិងរុស្ស៊ី ។ លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានពោរពេញទៅដោយ ជំនឿចិត្តចំពោះអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយនឹងពួតដៃជាមួយភាគីចិនដើម្បីធ្វើឱ្យស៊ីជម្រៅ នូវទំនាក់ទំនងភាពជាដៃគូ ក៏ដូចជាភាពសុខដុមរមនានិងចំណងមិត្តភាពដើម្បីរួមគ្នាគាំពារសន្តិសុខនិងស្ថិរភាពសកល ។
ការកសាងទំនុកចិត្តគ្នាខាងនយោបាយទៅវិញទៅមក គឺជាលក្ខណៈពិសេសយ៉ាងច្បាស់លាស់បំផុតនៃទំនាក់ទំនងចិន-រុស្ស៊ី ហើយក៏ជាកម្មវត្ថុនិងគោលការណ៍ជាមូលដ្ឋាននៃ«សនិ្ធសញ្ញាកិច្ចសហប្រតិបតិ្តការមិត្តភាព និងសុខដុមនីយកម្មជាមួយប្រទេសជិតខាងរវាងចិននិងរុស្ស៊ី»ផងដែរ ។ លើកនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានរួមគ្នាសម្រេចចិត្តថា នឹងបន្តពន្យារពេលអនុវត្តសនិ្ធសញ្ញានេះដែលនឹងជំរុញឱ្យភាគីទាសំងពីរបន្តវេនបុព្វហេតុជំនាន់មុន និងត្រួសត្រាយផ្លូវអភិវឌ្ឍន៍ថ្មីនៅពេលអនាគត ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃការកសាងទំនុកចិត្តគ្នាខាងនយោបាយទៅវិញទៅមកជាបន្តបន្ទាប់ ។
កិច្ចសហប្រតិបត្តិការជាក់ស្តែងគឺជាកម្លាំងចលករផ្ទៃក្នុងសម្រាប់ជំរុញទំនាក់ទំនងរវាងចិននិងរុស្ស៊ី ។ ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបមានចំនួនលើសពី ២០០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ ប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយរបស់រុស្ស៊ីក្នុងរយៈពេល ១៦ ឆ្នាំជាប់ៗគ្នា ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ភូទីន ប្រធានាធិបតីរុស្ស៊ីនៅប្រទេសចិនលើកនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ២០ ក្នុងវិស័យដូចជាពាណិជ្ជកម្មនិងសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើមដែលនឹងជំរុញការលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់នៃកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងគ្រប់វិស័យដើម្បីរួមចំណែកដល់ការអភិវឌ្ឍនិងការស្តារឡើងវិញ នៃប្រទេសរៀងខ្លួន។
ទំនាក់ទំនងរវាងប្រទេសនិងប្រទេស គឺ ឈរលើមូលដ្ឋាននៃការរាប់អានគ្នារវាងប្រជាជននិងប្រជាជន ។ នៅថ្ងៃទី ២០ ខែឧសភា ពិធីបើក"ឆ្នាំអប់រំចិន-រុស្ស៊ី"បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានអញ្ជើញចូលរួមពីសំណាក់ព្រុមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ ការអប់រំគឺជាស្ពានសំខាន់ដែលតភ្ជាប់ដូងចិត្តរបស់ប្រជាជននិងបន្តវេនមិត្តភាពរវាងប្រទេសនិងប្រទេស ។ ក្នុងរយៈពេលជាយូរមកហើយ កិច្ចសហប្រតិបត្តិការផ្នែកការអប់រំរវាងប្រទេសចិននិងរុស្ស៊ីបានបន្តមានភាពស៊ីជម្រៅនិងទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោដែលបានធ្វើឱ្យខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ីក្នុងយុគសម័យថ្មីមានសម្បូរបែប។
ពិភពលោកបច្ចុប្បន្ននេះ គឺ អសន្តិភាពណាស់ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិននិងរុស្ស៊ីបានរួមចំណែកដ៏សំខាន់ក្នុងការគាំពារសមភាពនិងយុត្តិធម៌អន្តរជាតិនិងជំរុញការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មីក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ។ សេចក្តីថ្លែងការណ៍រួមស្តីពីការផ្តួចផ្តើមឱ្យជំរុញពហុប៉ូលភាវូបនីយកម្មនិងទំនាក់ទំនងអន្តរជាតិបែបថ្មីដែលចេញដោយដោយភាគីទាំងពីរបានឆ្លុះបញ្ចាំងពីភារកិច្ចនិងទំនួលខុសត្រូវរបស់ប្រទេសធំ ។
ឈរលើការចាប់ផ្តើមថ្មី ភាគីទាំងពីរត្រូវចាត់ទុកការអនុវត្តគំនិតឯកភាពរួមដ៏សំខាន់រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរជាគោលការណ៍ណែនាំដើម្បីជំរុញកិច្ចសហការនិងសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលប្រកបដោយគុណភាពកាន់តែខ្ពស់ ក៏ដូចជាដើរតួជាកម្លាំងឋិតថេរគន្លឹះក្នុងបម្រែបម្រួលនិម្មាបនកម្មសកលឱ្យបានកាន់តែរឹងមាំ៕
វិទ្យុមិត្តភាពកម្ពុជាចិន

