ឧស្សាហកម្មតែ របស់ប្រទេសស្រីលង្កា រងគ្រោះដោយសារសង្រ្គាមមជ្ឈិមបូព៌ា (Video inside)
21-05-2026 16:28
(កូឡុំបូ)៖ កម្មករ កម្មការិនី នៅរោងចក្រតែ ក្នុងប្រទេសស្រីលង្កា កំពុងជួបប្រទះនឹងវិបត្តិ បន្ទាប់ពីសង្រ្គាមមជ្ឈិមបូព៌ា ជះផលប៉ះពាល់ដល់ឧស្សាហកម្មតែរបស់ប្រទេសនេះ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦។
កម្មករចម្ការតែជាធម្មតា រកបានប្រាក់ឈ្នួលប្រចាំថ្ងៃ ចន្លោះពី ៤.៣០ដុល្លារ ទៅ ៥.៥០ដុល្លារ។ ជាងពាក់កណ្តាលនៃពួកគេ រស់នៅក្រោមបន្ទាត់ភាពក្រីក្រ កំណត់ដោយធនាគារពិភពលោក។
សហជីពអង្គការ Movement for Plantation People's Land Rights លោក Thangawel Ganeshalingam បាននិយាយថា កម្មករចម្ការប្រឈមមុខនឹងវិបត្តិមួយហើយមួយទៀត។ ដោយសារតែការចំណាយខ្ពស់ អត្រាឈប់រៀនកំពុងកើនឡើង មនុស្សកាត់បន្ថយការញ៉ាំអាហារ ហើយអ្នកខ្លះឈប់ធ្វើការនៅចម្ការ រួចទៅស្វែងរកការងារកាន់តែប្រសើរក្នុងទីក្រុង។ អង្គការនេះធ្វើការជាមួយចម្ការប្រហែល ២០០កន្លែង។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍដើម្បីការនាំចេញ (EDB) របស់រដ្ឋស្រីលង្កា ចំណូលពីការនាំចេញតែ បានធ្លាក់ចុះ ១៧.៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាគិតត្រឹមខែមីនាឆ្នាំមុន គឺមកនៅត្រឹម ១១៤.៧៥លានដុល្លារ។ ការនាំចេញទៅអ៉ីរ៉ាក់ ដែលជាអ្នកទិញធំជាងគេ បានធ្លាក់ចុះ ៣៨ភាគរយ និងអេមីរ៉ាត់អារ៉ាប់រួម ធ្លាក់ចុះ ៩៣ភាគរយ។ អ៉ីរ៉ង់ ក៏ជាអ្នកនាំចូលតែស្រីលង្កាលំដាប់ខ្ពស់ផងដែរ គឺពី ៨ ទៅ ១០លានគីឡូក្រាម ជារៀងរាល់ឆ្នាំ។
Dilmah ដែលជាម៉ាកយីហោតែ Ceylon របស់ស្រីលង្កា មានវត្តមានក្នុងប្រទេសចំនួន ១០៨ និងមានអ្នកបញ្ជាទិញប្រហែល ៣០ភាគរយពីមជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងការរំខានផ្នែកភស្តុភារ និងដឹកជញ្ជូន ហើយកំពុងជំរុញទីផ្សារទៅកាន់កាណាដា អាមេរិកខាងត្បូង និងសហរដ្ឋអាមេរិក៕



