ក្នុងកំណត់ត្រាថ្មី មនុស្សសរុប២៧៤នាក់ ឡើងដល់កំពូលភ្នំ Everest ពីខាងប្រទេសនេប៉ាល់ ក្នុងថ្ងៃតែមួយ (Video inside)
21-05-2026 15:56
(កដ្ឋមណ្ឌូ)៖ កាលពីថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ មនុស្សសរុប២៧៤នាក់ បានឡើងទៅដល់លើកំពូលភ្នំ Everest ខណៈវាគឺជាតួលេខខ្ពស់បំផុត នៃអ្នកឡើងដល់កំពូលភ្នំនេះនៅក្នុងថ្ងៃតែមួយ ពីខាងប្រទេសនេប៉ាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ភ្នំ Everest ដែលជាភ្នំខ្ពស់ជាងគេលើពិភពលោក ជាមួយកម្ពស់៨៨៤៩ម៉ែត្រ ស្ថិតនៅចន្លោះព្រំប្រទល់រវាងនេប៉ាល់និងតំបន់ទីបេនៃប្រទេសចិន ហើយអាចឡើងដល់កំពូល ពីខាងណាក៏បាន។ លោក Rishi Bhandari អគ្គលេខាធិការនៃសមាគមន៍ប្រតិបត្តិការបេសកកម្មឡើងភ្នំរបស់នេប៉ាល់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា តួលេខខាងលើគឺជាការបំបែកកំណត់ត្រាចាស់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅពេលមនុស្សសរុប២២៣នាក់ បានឡើងដល់កំពូលភ្នំ Everest ពីខាងប្រទេសនេប៉ាល់។
គួរបញ្ជាក់ថា សម្រាប់រដូវកាលឡើងភ្នំឆ្នាំ២០២៦នេះ នេប៉ាល់បានចេញបណ្ណអនុញ្ញាតសរុប៤៩៤បណ្ណ ដល់អ្នកដែលចង់ឡើងភ្នំ Everest ដោយមួយបណ្ណមានតម្លៃ១៥០០០ដុល្លារ។ ក្រុមអ្នកជំនាញឡើងភ្នំ ជារឿយៗរិះគន់នេប៉ាល់ សម្រាប់ការអនុញ្ញាតឱ្យមនុស្សក្នុងចំនួនយ៉ាងច្រើនឡើងភ្នំ Everest ដែលពេលខ្លះនាំឱ្យមានការកកស្ទះនិងការតម្រង់ជួរយ៉ាងវែងអន្លាយ នៅតំបន់គ្រោះថ្នាក់ក្បែរកំពូល ជាទីដែលកម្រិតអុកស៉ីសែនធម្មជាតិ គឺមានកម្រិតទាបខ្លាំងបំផុត។ អាជ្ញាធរនេប៉ាល់ ទទួលស្គាល់អំពីហានិភ័យនេះ ហើយបានរឹតបន្តឹងការគ្រប់គ្រង និងដំឡើងតម្លៃបណ្ណអនុញ្ញាត៕



