មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំពាវនាវឱ្យពង្រឹងយោធានៅសមរភូមិមុខ ដើម្បីកំញើញទប់ស្កាត់សង្រ្គាម (Video inside)
18-05-2026 08:59
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា គម្រោងដើម្បីពង្រឹងអង្គភាពយោធាជួរមុខនៅតាមបណ្ដោយព្រំដែនជាប់ជាមួយកូរ៉េខាងត្បូង ព្រមទាំងអង្គភាពសំខាន់ៗដទៃទៀត គឺជាគន្លឹះដ៏សំខាន់ក្នុងការកំញើញទប់ស្កាត់ សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ នៅឯកិច្ចប្រជុំមួយជាក្រុមមេបញ្ជាការមកពីកងពលតូចធំទាំងអស់របស់ កងទ័ពកូរ៉េខាងជើង។ តាម KCNA លោក គីម បានអំពាវនាវឱ្យមានកែសម្រួលប្រព័ន្ធបណ្ដុះបណ្ដាលឱ្យកាន់តែល្អប្រសើរឡើង និងពង្រីកការធ្វើសមយុទ្ធដើម្បីឆ្លុះបញ្ចាំងពី ការកែប្រែនៅក្នុងសង្រ្គាមសម័យទំនើប និងការអភិវឌ្ឍរបស់យោធាកូរ៉េខាងជើង។
លោក គីម ក៏បានបញ្ជាក់ដែរថាគម្រោងដែលត្រូវបានគ្រោងទុក គួរតែធ្វើបច្ចុប្បន្នភាពឡើងវិញនូវគោលគំនិតនៃការធ្វើប្រតិបត្តិការឱ្យស្របទៅតាមការធ្វើទំនើបកម្ម យ៉ាងលឿនរហ័សនៃយោធា និងបរិក្ខារបច្ចេកទេស ហើយដាក់ឱ្យអនុវត្តគោលគំនិតទាំងនោះសម្រាប់ការបណ្ដុះបណ្ដាលអង្គភាពប្រយុទ្ធ។ តាម KCNA លោក គីម បានសង្កត់ធ្ងន់ពីមនោគមន៍វិជ្ជានៃភាពស្មោះត្រង់ និងការបង្កើនស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះ «សត្រូវចម្បង» ជាពាក្យមួយដែលកូរ៉េខាងជើងចង់សំដៅលើ កូរ៉េខាងត្បូង៕


