ដ្រូនអ៊ុយក្រែនសម្លាប់មនុស្ស ៤នាក់នៅរុស្ស៊ី ខណៈរដ្ឋធានីមូស្គូរងការវាយប្រហារទ្រង់ទ្រាយធំបំផុតក្នុងរយៈពេលជាងមួយឆ្នាំ
17-05-2026 18:57
(ម៉ូស្គូ)៖ អាជ្ញាធរមូលដ្ឋានរុស្ស៊ី បានឱ្យដឹងនៅថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ ៤នាក់ត្រូវបានសម្លាប់ ក្នុងនោះមាន ៣នាក់នៅក្នុងតំបន់ជុំវិញរដ្ឋធានីមូស្គូ និងម្នាក់ទៀតនៅតំបន់បែលហ្គោរ៉ូដ (Belgorod) ជាប់ព្រំដែនអ៊ុយក្រែន បន្ទាប់ពីកងកម្លាំងទីក្រុងកៀវ បានបើកការវាយប្រហារដោយដ្រូនពេលយប់ដ៏ធំបំផុត មកលើរដ្ឋធានីរបស់រុស្ស៊ីក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមក្រសួងការពារជាតិរុស្ស៊ី គិតត្រឹមថ្ងៃត្រង់ យន្តហោះដ្រូនរបស់អ៊ុយក្រែនជាង ១,០០០គ្រឿង ត្រូវបានបាញ់ទម្លាក់នៅទូទាំងប្រទេសរុស្ស៊ីក្នុងរយៈពេល ២៤ម៉ោង។ ការវាយប្រហារសងសឹកនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្តេជ្ញាវាយបកវិញកាលពីថ្ងៃសុក្រ ក្រោយពេលរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីល និងដ្រូនយ៉ាងសាហាវបំផុតមកលើទីក្រុងកៀវ។
តាមរយៈការបង្ហោះវីដេអូនៅលើបណ្តាញសង្គម X លោក ហ្សេឡេនស្គី បានបញ្ជាក់ថា អ៊ុយក្រែនមានសមត្ថភាពវាយប្រហារចំគោលដៅរហូតដល់ជាង ៥០០គីឡូម៉ែត្រពីព្រំដែន ទោះបីជារុស្ស៊ីមានប្រព័ន្ធការពារដែនអាកាសក្រាស់ក្រែលនៅជុំវិញទីក្រុងមូស្គូក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា ការវាយបកនេះគឺជារឿងត្រឹមត្រូវទាំងស្រុង ដើម្បីបញ្ជូនសារទៅកាន់រុស្ស៊ីឱ្យបញ្ចប់សង្គ្រាម។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានចោទប្រកាន់ទីក្រុងកៀវថាបានប្រព្រឹត្តអំពើភេរវកម្មទ្រង់ទ្រាយធំដោយកំណត់គោលដៅលើជនស៊ីវិល ខណៈដែលភាគីទាំងសងខាងតែងតែបដិសេធចំពោះការចោទប្រកាន់ពីការវាយប្រហារដោយចេតនាលើជនស៊ីវិលរៀងៗខ្លួន៕

