នាវាផ្ទុកយន្តហោះចម្បាំងទំនើបបំផុតរបស់អាមេរិក ត្រឡប់ចូលមូលដ្ឋានវិញ ក្រោយធ្វើប្រតិបត្តិការជិត១ឆ្នាំ គាំទ្រការចាប់ខ្លួនលោក Maduro និងសង្រ្គាមអ៉ីរ៉ង់ (Video inside)
17-05-2026 15:13
(វ៉ាស៉ីនតោន)៖ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Gerald R Ford ដែលធំជាងគេបង្អស់នៅលើពិភពលោក បានត្រឡប់មកដល់មូលដ្ឋានវិញនៅរដ្ឋ Virginia កាលពីថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយការដាក់ពង្រាយរយៈពេល១១ខែ ដែលជារយៈពេលយូរបំផុត គិតចាប់តាំងពីសង្រ្គាមវៀតណាម ហើយបានមើលឃើញនាវានេះគាំទ្រសង្រ្គាមអាមេរិកជាមួយអ៉ីរ៉ង់ និងប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
USS Gerald R Ford ដែលជានាវាយោធាទំនើបបំផុតរបស់អាមេរិក រួមជាមួយនាវាចម្បាំងប្រភេទ destroyer ២គ្រឿងដែលអមដំណើរ បានចូលចតនៅឯមូលដ្ឋានទ័ពជើងទឹក Norfolk ដោយមាននាវិកសរុបប្រហែល៥០០០នាក់ ទន្ទឹងរង់ចាំជួបជុំក្រុមគ្រួសាររបស់ពួកគេវិញជាលើកដំបូង គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥។ ការមកដល់នោះ ត្រូវបានទទួលស្វាគមន៍ផ្ទាល់ពីសំណាក់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth។
រយៈពេលសរុបចំនួន៣២៦ថ្ងៃ របស់នាវា Gerald R Ford នៅឯសមុទ្រ គឺជារយៈពេលយូរបំផុត សម្រាប់នាវាផ្ទុកយន្តហោះចម្បាំង គិតក្នុងរយៈពេល៥០ឆ្នាំចុងក្រោយ ហើយបំបែកកំណត់ត្រានៃការពង្រាយរយៈពេលយូរជាងគេ ក្រោយសម័យសង្រ្គាមវៀតណាម។ ការដាក់ពង្រាយយូរបំផុតជាងនេះ គឺមានតែ២លើកប៉ុណ្ណោះ គឺនាវាផ្ទុកយន្តហោះចម្បាំង USS Midway កាលពីឆ្នាំ១៩៧៣ ដែលមានរយៈពេល៣៣២ថ្ងៃ និងនាវាផ្ទុកយន្តហោះចម្បាំង USS Coral កាលពីឆ្នាំ១៩៦៥ ដែលមានរយៈពេល៣២៩ថ្ងៃ។
គួរបញ្ជាក់ថា នៅពេលនាវាផ្ទុកយន្តហោះចម្បាំង Gerald R Ford ចាកចេញពីឆ្នេររដ្ឋ Virginia ដំបូងកាលពីខែមិថុនា ឆ្នាំមុន វាបានឆ្ពោះទៅសមុទ្រមេឌីទែរ៉ាណេ ហើយក្រោយមកត្រូវបានផ្តូរទៅសមុទ្រ Caribbean នៅខែតុលា ក្រោមយុទ្ធនាការបង្កើនវត្តមានយោធាដ៏ធំសម្បើមមួយ។ នាវាផ្ទុកយន្តហោះចម្បាំង Ford បានចូលរួមប្រតិបត្តិការយោធាកាលពីខែមករា ដើមឆ្នាំនេះ ដើម្បីចាប់ខ្លួនលោក Maduro។ បន្ទាប់មក វាត្រូវបានបញ្ជូនទៅមជ្ឈិមបូព៌ា ស្របពេលដែលភាពតានតឹងបានកើនឡើងជាមួយអ៉ីរ៉ង់។ Gerald R Ford បានចូលរួមការបើកឆាកប៉ុន្មានថ្ងៃដំបូងនៃសង្រ្គាមអ៉ីរ៉ង់ ចេញពីសមុទ្រមេឌីទែរ៉ាណេ មុនធ្វើដំណើរឆ្លងកាត់ព្រែកជីកស៊ុយអេ ឆ្ពោះចូលទៅសមុទ្រក្រហម កាលពីអំឡុងដើមខែមីនា៕




