អ៉ីស្រាអែល អះអាងពីការសម្លាប់មេដឹកនាំយោធាក្រុមហាម៉ាស នៅហ្កាហ្សា (Video inside)
17-05-2026 13:22
(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ អ៉ីស្រាអែលបានអះអាងថា ខ្លួនបានសម្លាប់មេដឹកនាំយោធារបស់ក្រុមហាម៉ាសប៉ាឡេស្ទីន លោក Ezzedine Al-Haddad ក្នុងការវាយប្រហារតាមផ្លូវអាកាសនៅតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
យោធាអ៉ីស្រាអែល បាននិយាយថា ការវាយប្រហារបានធ្វើឡើងកាលពីថ្ងៃសុក្រ។ ក្រុមហាម៉ាស ក៏បានចេញមុខទទួលស្គាល់ផងដែរ ហើយថាលោក Haddad ត្រូវបានសម្លាប់រួមជាមួយប្រពន្ធនិងកូនស្រី។ យោធាអ៉ីស្រាអែល បានឱ្យដឹងថា លោក Haddad គឺជាម្នាក់ក្នុងចំណោមមេបញ្ជាការជាន់ខ្ពស់ប៉ុន្មាននាក់ចុងក្រោយ នៃជួរយោធារបស់ហាម៉ាស ដែលបានដឹកនាំការរៀបចំផែនការ និងការអនុវត្តសកម្មភាពវាយប្រហារដ៏ភ្ញាក់ផ្អើល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៉ីស្រាអែល។
កើតឆ្នាំ១៩៧០ លោក Haddad បានឡើងកាន់តំណែងជាមេដឹកនាំយោធារបស់ហាម៉ាស កាលពីខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីមេបញ្ជាការមុនគឺលោក Mohammed Sinwar ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសដូចគ្នា។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង អ៉ីស្រាអែលបានសម្លាប់មេដឹកនាំហាម៉ាសជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងលោក Yahya Sinwar ដែលត្រូវបានចាត់ទុកជាមេខ្លោងធំនៃការវាយប្រហារ៧ តុលា និងលោក Mohamed Deif ដែលជាមេដឹកនាំយោធាកាន់តំណែងយូរឆ្នាំរបស់ក្រុមហាម៉ាស និងជាស្ថាបនិកសំខាន់ម្នាក់ទៀត នៃព្រឹត្តិការណ៍ ៧ តុលា។
គួរបញ្ជាក់ថា សង្រ្គាមសងសឹករបស់អ៉ីស្រាអែលនៅតំបន់ហ្កាហ្សា បានផ្តាច់ជីវិតមនុស្សសរុបជាង ៧២ ៧០០នាក់។ ទោះបីមានបទឈប់បាញ់ តាំងតែខែតុលា ឆ្នាំមុនក៏ដោយ អំពើហិង្សានៅតែកើតមានសឹងរៀងរាល់ថ្ងៃនៅហ្កាហ្សា ស្របពេលដែលការវាយប្រហាររបស់អ៉ីស្រាអែលនៅតែបន្ត ដោយហាម៉ាស និងយោធាអ៉ីស្រាអែលចោទគ្នាទៅវិញទៅមក អំពីការបំពានបទឈប់បាញ់នោះ។ យោងតាមក្រសួងសុខាភិបាលហ្កាហ្សា គិតចាប់តាំងពីមានបទឈប់បាញ់ ជនជាតិប៉ាឡេស្ទីនយ៉ាងហោច៨៥៦នាក់ ត្រូវបានសម្លាប់ ខណៈយោធាអ៉ីស្រាអែល បានអះអាងថា ទាហានខ្លួន៥នាក់ បានស្លាប់នៅហ្កាហ្សា៕


