FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពីការសម្លាប់មេធំទី២របស់ក្រុមភេរវករ ISIS ដែលសំងំលាក់ខ្លួននៅអាហ្រ្វិក (Video inside)

17-05-2026 11:27

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា បុគ្គលឈ្មោះ Abu-Bilal al-Minuki ដែលជាមេធំទីរបស់បណ្តាញក្រុមភេរវករ ISIS ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការមួយធ្វើឡើងរួមគ្នាដោយកងកម្លាំងអាមេរិក និងនីហ្សេរីយ៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

វាគឺជាប្រតិបត្តិការមួយ ដែលប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Ahmed Tinubu បានពិពណ៌នាថា ជាឧទាហរណ៍ដ៏សំខាន់មួយ នៃកិច្ចសហការប្រកបដោយ​ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ លោក ដូណាល់ ត្រាំ បានបង្ហោះសារឱ្យដឹងយ៉ាងដូច្នេះថា «Abu-Bilal al-Minuki ដែលជាមេធំទី២របស់ ISIS គិតថាខ្លួនគេអាចសំងំលាក់ខ្លួននៅទ្វីបអាហ្រ្វិក ប៉ុន្តែមិនបានដឹងថា យើងមានប្រភពដែលឱ្យដំណឹងយើងជាប់អំពីសកម្មភាពរបស់រូបគេ»

គួរបញ្ជាក់ថា al-Minuki ដែលជាជនជាតិនីហ្សេរីយ៉ា កាលពីឆ្នាំ២០២៣ ត្រូវបានរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បញ្ចូលឈ្មោះជាភេរវករអន្តរជាតិ ដែលកំណត់ជាពិសេស។ លោក ត្រាំ បានអរគុណរដ្ឋាភិបាលនីហ្សេរីយ៉ា សម្រាប់ភាពជាដៃគូក្នុងប្រតិបត្តិការខាងលើ ខណៈកន្លងមក រូបលោកធ្លាប់ចោទប្រកាន់​នីហ្សេរីយ៉ាថា មិនបានជួយការពារគ្រិស្តសាសនិក ពីក្រុមសកម្មប្រយុទ្ធអ៉ីស្លាមនៅតំបន់ភាគពាយព្យ។ នីហ្សេរីយ៉ាបដិសេធថា ខ្លួនមិនបានរើសអើងប្រឆាំងនឹង​សាសនាណាមួយឡើយ គឺកងកម្លាំងសន្តិសុខរបស់ខ្លួន បានកំណត់គោលដៅលើក្រុមប្រដាប់អាវុធនានា ដែលវាយប្រហារទាំងគ្រិស្តសាសនិក និងជនមូស្លីម៕