WHO ប្រកាសចាត់ថ្នាក់ការឆ្លងរាលដាលជំងឺអេបូឡា នៅប្រទេសកុងហ្គោនិងអ៊ូហ្កង់ដា ជាបញ្ហាបន្ទាន់សុខភាពសាធារណៈកម្រិតអន្តរជាតិ (Video inside)
17-05-2026 10:09
(ហ្សឺណែវ)៖ នាថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ អង្គការសុខភាពពិភពលោក WHO បានសម្រេចប្រកាសចាត់ថ្នាក់ ការផ្ទុះរាលដាលជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនិងអ៊ូហ្កង់ដា ជាភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ ឬហៅកាត់ថា PHEIC។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
WHO បាននិយាយថា ការរីករាលដាល ដែលបង្កឡើងដោយវីរុសអេបូឡាអម្បូរ Bundibugyo គឺមិនទាន់ឈានដល់លក្ខណៈវិនិច្ឆ័យដែលត្រូវចាត់ទុកជា ជំងឺឆ្លងរាតត្បាតជាសកល ឬ pandemic ដែលជាភាពអាសន្នធ្ងន់ធ្ងរបំផុតនៅឡើយទេ ប៉ុន្តែប្រទេសនានាដែលមានព្រំប្រទល់ជាប់កុងហ្គោ គឺស្ថិតក្នុងហានិភ័យខ្ពស់នៃការឆ្លងរាលដាលខ្លាំងថែមទៀត។
WHO បានបន្តថា គិតត្រឹមថ្ងៃសោរ៍សប្តាហ៍នេះ មានករណីស្លាប់ដែលសង្ស័យចំនួន៨០ករណី, ករណីបញ្ជាក់ពីមន្ទីរពិសោធន៍៨ករណី, និងករណីឆ្លងសង្ស័យ ២៤៦ករណី ដែលត្រូវបានរាយការណ៍នៅខេត្ត Ituri របស់កុងហ្គោ។ WHO បានបន្ថែមទៀតថា វាអាចទៅរួចដែលថា មានការឆ្លងរាលដាលធំខ្លាំងជាង អ្វីដែលកំពុងត្រូវបានរកឃើញ និងរាយការណ៍នាពេលនេះ ដោយសារអត្រាវិជ្ជមានខ្ពស់នៃសំណាកដំបូងៗ និងការកើនឡើងនៃករណីសង្ស័យ ដែលកំពុងត្រូវបានរាយកាណ៍ជាបន្តបន្ទាប់។
គួរបញ្ជាក់ថា បើតាម WHO ការឆ្លងរាលដាលខាងលើ គឺជាករណីពិសេស ដ្បិតសព្វថ្ងៃមិនទាន់មានវិធីព្យាបាល ឬវ៉ាក់សាំងប្រឆាំងវីរុសអេបូឡា Bundibugyo ដែលត្រូវបានទទួលស្គាល់ ខុសពីវីរុសអេបូឡាអម្បូរ Zaire។ WHO បានសង្កត់ធ្ងន់ថា ការផ្ទុះករណីឆ្លងនៅកុងហ្គោនិងអ៊ូហ្កង់ដា បង្កហានិភ័យសុខភាពសាធារណៈ ចំពោះប្រទេសដទៃទៀត ដូច្នេះហើយណែនាំឱ្យប្រទេសនានា ដំណើរការយន្តការគ្រប់គ្រងភាពអាសន្នរបស់ពួកគេ ហើយពង្រឹងការត្រួតពិនិត្យសុខភាពនៅតាមច្រកព្រំដែន ប៉ុន្តែបានទទូចកុំឱ្យបិទព្រំដែនឬរឹតត្បិតការធ្វើដំណើរនិងការធ្វើពាណិជ្ជកម្ម ដោយសារតែការភ័យខ្លាច ព្រោះវាអាចនាំឱ្យមនុស្សនិងទំនិញ ងាកទៅឆ្លងដែនដោយខុសច្បាប់ ដែលពុំមានការតាមដាន៕


