FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហាក់ ម៉ុងហួត អញ្ជេីញបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់មហាជនស្រុកតាំងគោក ខេត្តកំពង់ធំ

16-05-2026 20:09

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជេីញជាអធិបតីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ «ពានរង្វាន់មហាជនស្រុកតាំងគោក» ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ភាតរភាពរវាងអតីតសិស្សវិទ្យាល័យ សិស្សវិទ្យាល័យ ក៏ដូចជាបណ្ដាយុវជនដែលជាមិត្តភក្តិនឹងគ្នា ពង្រឹងនិងបង្កើនបទពិសោធន៍ ពង្រីកការយល់ដឹងពីច្បាប់និងវិន័យនៃការប្រកួត ពិសេសគឺចូលរួមលើកស្ទួយវិស័យកីឡា នៅទីតាំងទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន តាំងគោក។

បេីតាមលោក ឡុង គីណាល់ អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកតាំងគោក បានឱ្យដឹងថា ក្រុមយុវកីឡាករដែលចូលរួមក្នុងការប្រកួតជំរុះវិលជុំ(ពានរង្វាន់មហាជនស្រុកតាំងគោក)នេះ សរុបមានចំនួន ៨ក្រុម ដែលក្នុងនោះមានកីឡាករសរុប ២០០នាក់ ប្រតិភូដឹកនាំ-គ្រូបង្វឹក ១២នាក់ និងក្រុមអាជ្ញាកណ្ដាល ១០នាក់ ក្រុមទាំង ៧នោះរួមមាន៖ ក្រុមពង្ររួមមិត្ត, ក្រុមដំរីស្នេហ៍ច័ន្ទ, ក្រុមអធិរាជសេះស, ឃាត់ករចិត្តព្រាន, ក្រុមយុវជនសូយោង, តោរោមមាស និងក្រុមហង្សភ្លើង។

លោក ឡុង គីណាល់ បានបញ្ជាក់ទៀតថា ការប្រកួតបាល់ទាត់នេះដែរមានរយៈពេល៦ខែ ចាប់ពីថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ភាគច្រើនគឺប្រកួតនៅថ្ងៃសៅរ៍-អាទិត្យ ដែលសម្រាកពីការសិក្សានិងការងារ ក៏ដូចជាថ្ងៃឈប់សម្រាកពេលបុណ្យទានជាដើម។ ក្រុមដែលទទួលបានពាននៅវគ្គផ្តាច់ព្រ័តគឺលេខ១ ក្រុមដំរីស្នេហ៍ច័ន្ទ លេខ២ ឃាតករចិត្តព្រាន និងលេខ៣ ក្រុមពង្ររួមមិត្ត។

នាឱកាសនឿលោកអភិបាលស្រុក ហាក់ ម៉ុងហួត បានឱ្យដឹងថា ប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនេះ ក្រៅពីចូលរួមលើកស្ទួយវិស័យកីឡានៅមូលដ្ឋាន ព្រឹត្តិការណ៍នេះក៏ជាឱកាសជួបជុំរវាងអតីតសិស្សវិទ្យាល័យ សិស្សវិទ្យាល័យ ក៏ដូចជាបណ្ដាយុវជនដែលជាមិត្តភក្តិនឹងគ្នាមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ពង្រឹងនិងបង្កើនបទពិសោធន៍ ពង្រីកការយល់ដឹងពីច្បាប់និងវិន័យនៃការលេងកីឡាបាល់ទាត់។

លោកអភិបាលស្រុក ក៏បានអំពាវនាវលើកទឹកចិត្តដល់សិស្សានុសិស្ស យុវជននៅស្រុកតាំងគោក ក៏ដូចជានៅស្រុកភូមិដទៃ សូមចូលរួមលេង និងលើកស្ទួយវិស័យកីឡាឱ្យបានសកម្មផុសផុល តាមរយៈកម្មវិធីសិក្សាក្ដី ការធ្វើលំហាត់ប្រាណក្ដី ឬក៏ការជួបជុំចូលរួមលេងក្នុងទីលានក្ដី ដើម្បីចៀសឆ្ងាយពីគ្រឿងញៀន ឬអំពើអបាយមុខផ្សេងៗ។ ការលេងកីឡា តួយ៉ាងដូចជាកីឡាបាល់ទាត់នេះ គឺនាំមកនូវសុខភាពរាយកាយនិងបញ្ញា បង្កើនស្មារតីសហការជាក្រុម បង្កើនបទពិសោធន៍និងទំនាក់ទំនងល្អប្រកបដោយមិត្តភាព សាមគ្គីភាព ភាតរភាព (ភាពជាបងប្អូន)។

ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៦ខែ ដោយគិតចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃ១៦ខែឧសភា ឆ្នាំ២០២៦ និងដោយឈរលើស្មារតី ចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព ហើយប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់បញ្ញតិ្ត បទបញ្ជាបច្ចេកទេសផងនោះ បានធ្វើឱ្យការប្រកួតបញ្ចប់ទៅដោយភាពជោគជ័យគួរជាទីមោទនៈ។

លោក ហាក់ ម៉ុងហួត ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំ ដែលបានខិតខំរៀបចំប្រកួតកីឡាបាល់ទាត់ «ពានរង្វាន់មហាជនស្រុកតាំងគោក» នេះឡើង រហូតទាល់បិទបញ្ចប់វគ្គផ្តាច់ព្រ័តនេះលើទឹកដីស្រុកតាំងគោក ខណៈកន្លងទៅក៏មានការប្រកួតកម្រិតថ្នាក់ស្រុកជាច្រើនលើកមកហើយដែរ៕