FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក លុបចោលផែនការដាក់ពង្រាយកងទ័ពទៅកាន់ប៉ូឡូញ (Video inside)

16-05-2026 16:10

(វ៉ាស៉ីនតោន)៖ មន្ត្រីអាមេរិកបាននិយាយថា មន្ទីរបញ្ចកោណបានលុបចោលផែនការដាក់ពង្រាយទាហានដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកចំនួន ៤ ០០០នាក់ទៅកាន់ប្រទេសប៉ូឡូញ ដែលជាការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយ និងត្រូវបានរិះគន់ដោយក្រុមសមាជិកព្រឹទ្ធសភាដែលបានចោទសួរជាថ្មីអំពីបំណងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញការកាត់បន្ថយកងទ័ពអាមេរិកនៅអឺរ៉ុប។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦។

អគ្គសេនាធិការស្តីទីនៃកងទ័ព អាមេរិក លោក Christopher LaNeve បានទទួលស្គាល់ការសម្រេចលុបចោលនេះ អំឡុងពេលផ្តល់សក្ខីកម្មកាលពីថ្ងៃសុក្រនៅចំពោះមុខគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធរបស់ព្រឹទ្ធសភា។ ប៉ុន្តែលោកមិនបានពន្យល់អ្វីច្រេីនទេ ក្រៅពីនិយាយថា វាសមហេតុផលបំផុតសម្រាប់កងពលតូចនោះ ក្នុងការមិនដាក់ពង្រាយ ។

លោក Joe Courtney សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានប្រាប់ លោក LaNeve ការសម្រេចចិត្តនេះបានផ្ញើរសារដ៏អាក្រក់អំពីការប្តេជ្ញាចិត្តរបស់ លោក ត្រាំ ចំពោះអឺរ៉ុប។ សមាជិកកំពូលបក្សសាធារណរដ្ឋនៃគណៈកម្មាធិការសភា លោក Mike Rogers និងសមាជិកកំពូលបក្ស ប្រជាធិបតេយ្យគណៈកម្មាធិការសភា លោក Adam Smith បានរិះគន់ និងសម្តែងការហួសចិត្តដែលសភាមិនត្រូវបានជូនដំណឹង ឬពិគ្រោះយោបល់តាមច្បាប់តម្រូវ ពាក់ព័ន្ធការសម្រេចចិត្តលុប។

គួរបញ្ជាក់ថា កាលពី ២សប្តាហ៍មុន មន្ទីរបញ្ចកោណបានប្រកាសថានឹងដកទ័ពចំនួន ៥ ០០០នាក់ចេញពីសមាជិកណាតូ អាល្លឺម៉ង់ ដែលបាននាំឱ្យមានមន្ទិលរួចទៅហេីយរវាងលោក ត្រាំ និងអឺរ៉ុប៕