FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីហ្វីលីពីនកោះប្រជុំបន្ទាន់ ក្រោយភាពវឹកវរនៅព្រឹទ្ធសភា ជាទីដែលសម្ព័ន្ធមិត្តលោក Duterte កំពុងជ្រកកោនដើម្បីគេចវេះ​ពីដីកាចាប់ខ្លួនរបស់ ICC (Video inside)

14-05-2026 13:07

(ម៉ានីល)៖ នាថ្ងៃព្រហស្បតិ៍ ទី១៤​ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន បានកោះកិច្ចប្រជុំបន្ទាន់មួយជាមួយ​ក្រុមមន្រ្តីជាន់ខ្ពស់ ចំពោះមុខការរីកធំឡើងនៃភាពតានតឹងផ្នែកនយោបាយ បន្ទាប់ពីមានភាពវឹកវររហូតដល់ផ្ទុះស្នូរកាំភ្លើងនៅឯ​ព្រឹទ្ធសភា ជាទីដែលសមាជិកសភាម្នាក់កំពុងសំងំជ្រកកោន ដោយសារភ័យខ្លាចការចាប់ខ្លួន ក្រោមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សមាជិកព្រឹទ្ធសភាហ្វីលីពីន លោក Ronald dela Rosa គឺជាអតីតអគ្គស្នងការប៉ូលិសជាតិ និងជាអ្នកដឹកនាំយុទ្ធនាការសង្រ្គាមបង្រ្កាបគ្រឿងញៀនដ៏បង្ហូរឈាម របស់អតីតប្រធានាធិបតី លោក Rodrigo Duterte។ តុលាការ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនរូបលោក ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាបទចោទប្រកាន់ដូចគ្នា​ ទៅនឹងលោក Duterte។

ស្នូរកាំភ្លើងបានបន្លឺឡើង កាលពីយប់ថ្ងៃពុធ នៅក្នុងអគារព្រឹទ្ធសភា ប៉ុន្មានម៉ោងបន្ទាប់ពី លោក dela Rosa បានអំពាវនាវនៅ​លើ​បណ្តាញសង្គមឱ្យក្រុមអ្នកគាំទ្រជួយធ្វើសកម្មភាព ជាមួយការអះអាងថា អាជ្ញាធរអនុវត្តច្បាប់កំពុងព្យាយាមដើម្បីមកនាំខ្លួនលោក​ចេញពីព្រឹទ្ធសភា។ ឧប្បត្តិហេតុនោះ បានបង្កជាភាពចលាចល ហើយមានវត្តមានកងកម្លាំងសន្តិសុខ និងប៉ូលិសយ៉ាងច្រើននៅ​ក្នុងបរិវេណព្រឹទ្ធសភា រួមជាមួយការធ្វើបាតុកម្មតវ៉ានៅបរិវេណខាងក្រៅ ខណៈកងម៉ារីនរបស់យោធា ត្រូវបានបញ្ជូនឱ្យទៅជួយពង្រឹងសន្តិសុខបន្ថែម។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានកោះប្រជុំជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនិងសន្តិសុខ ខណៈអ្នកនាំពាក្យប៉ូលិស បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ហើយការស៉ើបអង្កេតបានបើកធ្វើឡើង។ លោក Marcos និងទីភ្នាក់ងារនានា​របស់រដ្ឋាភិបាលហ្វីលីពីន បានអះអាងថា ពុំមានការចេញបទបញ្ជាណាមួយ ដើម្បីចាប់ខ្លួនលោក dela Rosa នោះទេ។

នាពេលនេះ ភាពតានតឹងផ្នែកនយោបាយ ហាក់កំពុងកើនឡើងនៅប្រទេសហ្វីលីពីន ជុំវិញទាំងករណីរបស់លោក dela Rosa និងការសម្រេចចិត្តរបស់រដ្ឋសភាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីចាប់ផ្តើមនីតិវិធីដកតំណែងកូនស្រីលោក Rodrigo Duterte គឺលោកស្រី Sara Duterte ដែលជាអនុប្រធានាធិបតី។ លោកស្រីកំពុងស្ថិតនៅទីក្រុងឡាអេនៃប្រទេសហូឡង់ ដើម្បីសួរសុខទុក្ខឪពុកដែលកំពុងជាប់ឃុំ។

លោកស្រី Sara Duterte គឺជាដៃគូឈរឈ្មោះរបស់លោក Marcos ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី កាលពីឆ្នាំ២០២២ ប៉ុន្តែសម្ព័ន្ធភាពនៃគ្រួសារទាំងពីរ បានដួលរលំទៅវិញ ហើយឥឡូវលោកស្រីកំពុងត្រូវតតាំងដើម្បីសង្រ្គោះអាយុជីវិត​នយោបាយរបស់ខ្លួន ដោយប្រឈមការជំនុំជម្រះនៅព្រឹទ្ធសភាស្តីពីការដកតំណែង ដែលនឹងអាចបញ្ចប់ឱកាសឈរឈ្មោះរបស់លោកស្រី ជាប្រធានាធិបតីនៅឆ្នាំ២០២៨។ លោកស្រី Sara Duterte បាននិយាយថា លោក dela Rosa ហាក់កំពុងប្រឈមមុខជាមួយ​អ្វីដូចដែលបានកើតឡើងចំពោះឪពុកលោកស្រី លោក Rodrigo Duterte យ៉ាងដូច្នោះ។ លោក Rodrigo Duterte ត្រូវបាន​ប៉ូលិសហ្វីលីពីន ចាប់និងបញ្ជូនខ្លួនឱ្យ ICC កាលពីឆ្នាំមុន។

កាលពីថ្ងៃចន្ទ តុលាការ ICC បានបញ្ចេញជាសាធារណៈ នូវដីកាចាប់ខ្លួនសម្រាប់លោក dela Rosa ដែលមានកាលបរិច្ឆេទ តាំងខែវិច្ឆិកា ឆ្នាំ២០២៥។ លោក dela Rosa បានដាក់ពាក្យបណ្តឹងបន្ទាន់មួយ ទៅកាន់តុលាការកំពូលរបស់ហ្វីលីពីន ដើម្បីព្យាយាម​រារាំងការផ្ទេររូបលោកទៅកាន់ ICC ក្រោមហេតុផលថា ICC មិនមានយុត្តាធិការលើហ្វីលីពីនទៀតទេ ក្រោយការដកខ្លួនកាលពី​ឆ្នាំ២០១៨។

គួរបញ្ជាក់ថា លោក Ronald dela Rosa គឺជាមនុស្សជំនិតបំផុតរបស់លោក Duterte ដោយទទួលបន្ទុកមើលការខុសត្រូវ​លើសង្រ្គាមបង្រ្កាបគ្រឿងញៀន ដែលបានបណ្តាលឱ្យ ជនសង្ស័យជួញដូរគ្រឿងញៀនរាប់ពាន់នាក់ស្លាប់ នៅហ្វីលីពីន។ ក្រុមសិទ្ធិមនុស្សចោទថា ប៉ូលិសហ្វីលីពីនបានប្រព្រឹត្តអំពើឃាតកម្មជាប្រព័ន្ធ ហើយលាក់បាំងទង្វើរបស់ខ្លួន។ ប៉ូលីសបានច្រានចោលការចោទប្រកាន់នោះ ហើយអះអាងថា មនុស្សជាង៦០០០នាក់ ដែលត្រូវបានសម្លាប់ គឺសុទ្ធតែប្រដាប់ដោយអាវុធ និងមិនព្រមឱ្យចាប់ខ្លួនតាមសម្រួល។ យ៉ាងណាមិញ ក្រុមសកម្មជនបាននិយាយថា តួលេខអ្នកស្លាប់ពិតប្រាកដ គឺច្រើនជាងនោះឆ្ងាយ និងប្រហែលគ្មានថ្ងៃអាចដឹងច្បាស់ទេ៕