UAE ច្រានចោលជំនួបសម្ងាត់រវាងលោក Netanyahu និងព្រះអង្គម្ចាស់ Mohammed bin Zayed អំឡុងសង្រ្គាមអ៉ីរ៉ង់
14-05-2026 09:47
(ហ្ស៊េរុយសាឡិម)៖ ក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម (UAE) កាលពីថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ បានច្រានចោលសេចក្ដីថ្លែងការណ៍របស់ការិយាល័យ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលអះអាងថាលោក Netanyahu បានធ្វើទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម និងបានបើកិច្ចប្រជុំជាសម្ងាត់ជាមួយប្រធានាធិបតីនៃប្រទេសមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែលបានឱ្យដឹងថាលោក Netanyahu បានធ្វើដំណើរទៅកាន់អេមីរ៉ាតអារ៉ាប់រួមអំឡុងសង្រ្គាមជាមួយអ៉ីរ៉ង់ និងបានជួប ប្រធានាធិបតីនៃប្រទេសអារ៉ាប់មួយនេះ គឺព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេស UAE បាននិយាយថាទំនាក់ទំនងជាមួយអ៉ីស្រាអែល ជាទំនាក់ទំនងបើកចំហជាសាធារណៈ និងមិនផ្អែកលើ ការរៀបចំដំណើរទស្សនកិច្ចមិនផ្លូវការ ឬគ្មានតម្លាភាពនោះទេ។ «រាល់ការអះអាងពីដំណើរទស្សនកិច្ចមិនប្រកាសឱ្យដឹងមុន ឬធ្វើឡើងជាសម្ងាត់ គឺជារឿងមិនពិត ដរាបណាមិនមានការប្រកាសផ្លូវការពីក្រុមមន្ត្រី UAE»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេស UAE។
គួរបញ្ជាក់ថា បើតាមការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ជំនួបសម្ងាត់រវាងលោក Netanyahu និងព្រះអង្គម្ចាស់ Mohammed bin Zayed សម្រេចបាន លទ្ធផលជាប្រវត្តិសាស្ត្រមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំង២។ ដោយឡែក បើតាមប្រភពមួយដែលបានដឹងពីជំនួបនេះ លោក Netanyahu និងព្រះអង្គម្ចាស់ Mohammed bin Zayed បានជួបគ្នាក្នុងទីក្រុង Al-Ain ដែលមានព្រំប្រទល់ជាប់អូម៉ង់ កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ ដោយជំនួបនេះធ្វើឡើងអស់រយៈពេល ជាច្រើនម៉ោង៕


