ម៉ាឡេស៉ី ស្វែងរកការបំភ្លឺពីន័រវែស ជុំវិញបញ្ហាផ្អាកការផ្គត់ផ្គង់មីស៉ីល (Video inside)
08-05-2026 11:11
(គូឡាឡាំពួរ)៖ ម៉ាឡេស៉ី កំពុងស្វែងរកការពិភាក្សាជាមួយន័រវែស ជុំវិញការផ្លាស់ប្តូរគោលជំហរពីទីក្រុងអូស្លូ នៅក្នុងការអនុម័តនាំចេញសម្ភារៈការពារជាតិ និងដែលបានធ្វើឱ្យការផ្គត់ផ្គង់មីស៉ីលរបស់ន័រវែសមកកាន់ម៉ាឡេស៉ី ត្រូវផ្អាក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦។
រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៉ី លោក Mohamed Khaled Nordin បានអះអាងថា ក្រសួងមានកិច្ចសន្យាជាមួយក្រុមហ៊ុនការពារជាតិន័រវែស Kongsberg Defence & Aerospace AS លើការផ្គត់ផ្គង់ NSM ដែលជាមីស៉ីលវាយប្រហាររយៈចម្ងាយឆ្ងាយ អាចបាញ់ចេញពីនាវា និងដីគោក ដែលនឹងត្រូវប្រើដើម្បីបំពាក់ដល់នាវាប្រយុទ្ធតាមឆ្នេរសមុទ្ររបស់ម៉ាឡេស៉ី។ លោក Khaled បញ្ជាក់ថា ក្រសួងនឹងស្វែងរកការបំភ្លឺបន្ថែម ហើយពិភាក្សាពីជំហានសមស្របដើម្បីការពារផលប្រយោជន៍ជាតិ។
ការអត្ថាធិប្បាយនេះ កើតមានឡើងបន្ទាប់ពីក្រសួងការពារជាតិម៉ាឡេស៉ី ជូនដំណឹងថា ន័រវែសបានផ្អាកការចែកចាយមីស៉ីលមកកាន់ម៉ាឡេស៉ី តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនដល់ពេលប្រគល់។ ស្ថានទូតន័រវែសប្រចាំទីក្រុងគូឡាឡាំពួរ និងក្រុមហ៊ុន Kongsberg Defence & Aerospace AS មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕
